លោកស្រី ផេឡូស៊ី បំពេញទស្សនកិច្ចនៅអាមេនី ចំពោះមុខបទឈប់បាញ់ជាមួយអាស៊ែបៃហ្សង់

(យ៉េរ៉េវ៉ាន់)៖ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានធ្វើដំណើរទៅដល់រដ្ឋធានី យ៉េរ៉េវ៉ាន់ (Yerevan) ប្រទេសអាមេនីហើយ ជាទីដែលបទឈប់បាញ់កំពុងត្រូវបានអនុវត្តជាមួយអាស៊ែបៃហ្សង់ ក្រោយការប៉ះទង្គិចគ្នាដោយអាវុធសម្លាប់ទាហានទាំងសងខាង រាប់រយនាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២។
តាមរយៈដំណើរទស្សនកិច្ចនេះ លោកស្រី ផេឡូស៊ី បានក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ដែលបានធ្វើទស្សនកិច្ចនៅអាមេនី ចាប់តាំងពី ប្រទេសមួយនេះទទួលបានឯករាជ្យពីសូវៀត កាលពីឆ្នាំ១៩៩១មក។ លោកស្រី ផេឡូស៊ី បាននិយាយថាដំណើរទស្សនកិច្ចរបស់លោកស្រី គឺជានិមិត្តរូបដ៏មាន ថាមពលនៃការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសន្តិភាព វិបុលភាព និងប្រជាធិបតេយ្យរបស់អាមេនី ក៏ដូចជាស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ទាំងមូល។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី កើតមានឡើងនៅចំពេលអាមេនី និងអាស៊ែបៃហ្សង់ បានទទួលយកបទឈប់បាញ់កាលពីថ្ងៃព្រហស្បតិ៍ ក្រោយមានការសម្របសម្រួលពីអន្តរជាតិ។ ភាគីទាំង២ បានផ្ទុះអាវុធដាក់គ្នាជាថ្មី នៅឯតំបន់ព្រំដែនកាលពីថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅនេះ ដោយបានផ្ដាច់ យកជីវិតទាហានទាំងសងសរុប ២១៥នាក់ ហើយដែលនេះជាជម្លោះដ៏អាក្រក់បំផុតមួយ ចាប់តាំងពីផ្ទុះសង្រ្គាមរយៈពេលខ្លីរវាងអាមេនី និងអាស៊ែបៃហ្សង់ កាលពីឆ្នាំ២០២០៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram