លោក គង់ ខេមរា ចៅក្រមខេត្ដកោះកុងបើករថយន្ដបុកមនុស្សស្លាប់ ឯឪពុកឈ្មោះ គង់ សែត ក្លាយជាជនសង្ស័យក្នុងករណីវិវាទដីធ្លីនៅខេត្ដព្រះសីហនុ
(ខេត្ដព្រះសីហនុ) ៖ ក្រោយមានករណីលោក គង់ ខេមរា ចៅក្រមនៃសាលាដំបូងខេត្ដកោះកុង បានបុកសម្លាប់មនុស្សដោយអចេតនា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ស្រាប់តែមានព័ត៌មានមួយបែកធ្លាយ ដោយឪពុករបស់លោកឈ្មោះ គង់ សែត គឺជាជនសង្ស័យក្នុងបទល្មើស «ប្រើអំពើហឹង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ដែលចៅក្រមកំពុងស៊ើបសួរបន្ថែមទៀត។




ក្នុងករណីវិវាទដីធ្លីមួយកន្លែង ដែលស្ថិតនៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្ដព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៨ ជនសង្ស័យ គង់ សែត និងភរិយាឈ្មោះ លឹម ណេង បានជួលគ្រឿងចក្រមកឈូសឆាយ ជីកកាយយកអាចម៍ដីលើទីតាំងដីមួយកន្លែង ដែលខ្លួនបានលក់ទៅឲ្យឈ្មោះ ប៊ុន ម៉ៅ និងប្រពន្ធឈ្មោះ ប៊ិន ចាន់នី ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន និងម្ចាស់ដីស្របច្បាប់។

ម្យ៉ាងវិញទៀតម្ចាស់ដីស្របច្បាប់លោក ប៊ុន ម៉ៅ បានលើកឡើងថា ជនសង្ស័យ គង់ សែត បាននាំគ្រឿងចក្រមកចូលធ្វើសកម្មភាពលើដីរបស់លោក ទាំងលោកមានកិច្ចសន្យាលក់ដីចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ដែលមានជនសង្ស័យ គង់ សែត និងភរិយា អ្នកផ្ដិតមេដៃឲ្យផ្ទាល់ និងមានសាក្សី ឈ្មោះ ប៊ិន ចាន់ណា និង ប៊ិន ចាន់នី ជាអ្នកដឹងលឺផងដែរ។

ក្រោយពេលជនសង្ស័យបង្កើតឲ្យមានបទល្មើសខាងលើនេះ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅតុលាការសាលាដំបូងខេត្ដព្រះសីហនុ បន្ទាប់មកនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ត្រូវបានលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បើការស៊ើបអង្កេតលើបុគ្គល គង់ សែត ក្នុងបទល្មើស «ប្រើអំពើហឹង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត»៕





