គ្រូបង្វឹកបាល់ទាត់ជម្រើសជាតិផ្នែកនារីបារាំង Diacre នឹងត្រូវបានផ្តល់ការបន្តកិច្ចសន្យា ២ឆ្នាំ


(ប៉ារីស)៖ បារាំង នឹងផ្តល់ឲ្យគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារី អ្នកស្រី Corinne Diacre នូវការបន្តកិច្ចសន្យាមួយ បន្ទាប់ពីដំណើរការប្រកួតរបស់ពួកគេបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro 2022។ នេះបើតាមសម្តីប្រធានសហព័ន្ធបាល់ទាត់បារាំង លោក Noel Le Graet ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។
លោក Le Graet បានប្រាប់អ្នកសារព័ត៌មានថា អ្នកស្រី Diacre នឹងបានទទួលការបន្តកិច្ចសន្យា រយៈពេល ២ឆ្នាំថែមទៀត។ ដោយលោកបានបង្ហាញការពេញចិត្ត ជាមួយនឹងទម្រង់លេងរបស់ក្រុមនៅឯដំណើរការប្រកួតក្នុងចក្រភពអង់គ្លេស បើទោះបីជារងបរាជ័យ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ២-១ ក្រោមថ្វីជើងក្រុមអាល្លឺម៉ង់កាលពីថ្ងៃពុធកន្លងទៅក្តី។
លោក Le Graet បានលើកឡើងថា គោលដៅនៃការបញ្ចប់ ៤ប្រកួតចុងក្រោយ បានសម្រេច ហើយថាក្រុមបារាំង “បានបង្ហាញនូវរូបភាពដ៏ស្រស់ស្អាតនៃក្រុមបាល់ទាត់នារី នៅការប្រកួតកម្រិតកំពូល”។
Le Graet បានលើកឡើងដែរថា លោកគ្រោងនឹងរៀបចំកិច្ចសន្យា “ឲ្យបានកាន់តែឆាប់ តាមដែលអាចធ្វើទៅបាន”។
សូមជម្រាបថា បារាំងបានឡើងទៅកាន់ការប្រកួតនៅឯព្រឹត្តិការណ៍ Women’s World Cup នាឆ្នាំក្រោយ នៅអូស្ត្រាលី និងណូវែលសេឡង់ ហើយនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ផ្នែកនារី Olympic ក្នុងឆ្នាំ២០២៤៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram