ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon កើនឡើងខ្ទង់ ១៣ភាគរយ ខណៈលទ្ធផលផ្លូវការនឹងចេញផ្សាយនាពេលខាងមុខ


(បរទេស)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់អាមេរិក និងពិភពលោក Amazon ទើបតែបង្ហាញរបាយការណ៍ប្រាក់ចំណូលត្រីមាសទី២ នៃឆ្នាំ២០២២របស់ខ្លួន ជាមួយនឹងលទ្ធផលខ្ពស់ជាងការរំពឹងទុក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។
ក្នុងត្រីមាសរយៈពេល ៣ខែកន្លងទៅនេះ Amazon បានឱ្យដឹងថា ភាគហ៊ុនរបស់ខ្លួនបានកើនឡើងខ្ទង់ ១៣ភាគរយគិតត្រឹមថ្ងៃទី២៨ ខែកក្កដា។ ខណៈប្រាក់ចំណូលដែលរកបានសរុបមានចំនួន ១២១.២៣ពាន់លានដុល្លារ ជាមួយនឹងការកើនឡើងខ្ទង់ ៧ភាគរយ បើធៀបទៅនឹង ១១៩.០៩ពាន់លានដុល្លារដែលរំពឹងទុក នេះបើយោងតាមការវិភាគរបស់ក្រុមហ៊ុន Refinitiv។
តែយ៉ាងណា Amazon នៅតែព្រួយបារម្ភពីសម្ពាធអតិផរណានៅក្នុងប្រេងឥន្ធនៈ ថាមពល និងការកើនឡើងនៃថ្លៃដឹងជញ្ជូន ដែលជាបញ្ហាប្រឈមដែលពួកគេកំពុងជួបប្រទះក្នុងត្រីមាសទី២ នេះ។ ដោយឡែកលោក Andy Jassy ដែលជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Amazon បាននិយាយថា «យើងកំពុងធ្វើឱ្យមានវឌ្ឍនភាពលើការចំណាយ ដែលអាចគ្រប់គ្រងបានកាន់តែច្រើន ដែលយើងបានយោងកាលពីត្រីមាសមុន ជាពិសេសនោះការកែលម្អផលិតភាពនៃ Network របស់យើង»។
បើតាមការលើកឡើងរបស់ Amazon ផ្ទាល់បានឱ្យដឹងថា ខ្លួននឹងប្រកាសប្រាក់ចំណូលជាផ្លូវការនៅត្រីមាសទី៣ ចន្លោះពី ១២៥ពាន់លានដុល្លារ ទៅ ១៣០ពាន់លានដុល្លារ ដែលតំណាងឱ្យកំណើនពី ១៣ភាគរយ ទៅ ១៧ភាគរយ។ លើសពីនេះទៅទៀតអ្នកវិភាគបានរំពឹងថាលទ្ធផលនៃការលក់សរុបនោះនឹងរកបានត្រឹមតែខ្ទង់ ១២៦.៤ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram