Manchester United ចុះកិច្ចសន្យាយកខ្សែការពារឆ្វេង Malacia មកពីក្លិប Feyenoord

(មេនឆេស្ទើ)៖ ក្លិប Manchester United បានចុះហត្ថលេខា នាំយកខ្សែការពារស្លាបឆ្វេងសញ្ជាតិហូឡង់ Tyrell Malacia មកពីក្លិបហូឡង់ Feyenoord ឲ្យលេងរហូតដល់ខែមិថុនា ឆ្នាំ២០២៦ ជាមួយនឹងជម្រើសអាចបន្តកិច្ចសន្យា ១ឆ្នាំទៀត។ នេះបើតាមការប្រកាសពីក្លិបដែលលេងនៅ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២។

ព័ត៌មានលម្អិតនៃហិរញ្ញវត្ថុស្តីពីការផ្ទេរនេះ មិនមានការប្រាប់ឲ្យដឹងនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា United បានចុះហត្ថលេខាយកខ្សែការពារវ័យ ២២ឆ្នាំរូបនេះមានតម្លៃប្រមាណ ១៣លានផោន (១៥.៥៦លានដុល្លារ) បូករួមនឹងប្រាក់ ១.៧លានផោនទៀត ជាប្រាក់បន្ថែម។
ដោយបានបញ្ចប់ការបណ្តុះបណ្តាលនៅឯក្លិប Feyenoord កីឡាករ Malacia បានបង្ហាញខ្លួន ៥០លើកនៅក្នុងការប្រកួតទាំងអស់ អំឡុងរដូវកាល២០២១-២២ ខណៈពួកគេបានបញ្ចប់នៅចំណាត់ថ្នាក់ទី៣ ក្របខណ្ឌ Eredivisie និងបានឈានដល់ការប្រកួតផ្តាច់ព្រ័ត្រ Europa Conference League ដែលពួកគេបានចាញ់ក្រុម AS Roma។
សូមជម្រាបថា United ដែលបានបញ្ចប់នៅចំណាត់ថ្នាក់ទី៦ ក្នុង Premier League រដូវកាលមុន និងបានខកខានការប្រកួតជម្រុះ Champions League នោះ នឹងចាប់ផ្តើមយុទ្ធនាការថ្មីនៃ Premier League ក្នុងការធ្វើជាម្ចាស់ផ្ទះទទួលក្រុម Brighton & Hove Albion នៅថ្ងៃទី០៧ ខែសីហាខាងមុខ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram