លោក Laporta ថា មានអារម្មណ៍ បំណុលសីលធម៌ ដែលឲ្យ Messi ចាកចេញពី Barca

(បាសេឡូណា)៖ ប្រធានក្លិបអេស្ប៉ាញ FC Barcelona លោក Joan Laporta បានលើកឡើងថា ក្លិបនឹងព្យាយាមនាំយកម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៧លើក កីឡាករ Lionel Messi ត្រឡប់ទៅកាន់កីឡដ្ឋាន Camp Nou វិញ ដោយសារពួកគេមាន “បំណុលសីលធម៌” ដែលអនុញ្ញាតឲ្យខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ អាចបញ្ចប់អាជីពរបស់លោកជាមួយនឹងក្លិប ដែលលេងនៅលីគ La Liga នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នេះ។
Barca បានបង្ខំចិត្តអនុញ្ញាតឲ្យកីឡាករចំណាន និងរកគ្រាប់បាល់ជាប់កំណត់ត្រា Messi ដែលបច្ចុប្បន្នវ័យ ៣៥ឆ្នាំ ចាកចេញពីក្លិបកាលពីឆ្នាំមុន ដោយសារតែប្រាក់ឈ្នួលខ្ពស់របស់លោក ជាមួយនឹងការរឹតបន្តឹងច្បាប់ហិរញ្ញវត្ថុរបស់លីគ La Liga ដែលអាចនឹងប៉ះពាល់ដល់អនាគតរបស់ក្លិប។
Messi ដែលបានចូលរួមជាមួយក្រុមយុវជនរបស់ Barcelona ក្នុងវ័យ ១៣ឆ្នាំនោះ បានផ្លាស់ទៅលេងឲ្យក្លិប Paris St Germain លើកិច្ចសន្យារយៈពេល ២ឆ្នាំ ក្នុងការផ្ទេរដោយឥតបង់ថ្លៃ។
Barca ក្នុងពេលបិទរដូវកាលកន្លងទៅនេះ បានចុះកិច្ចសន្យានាំយកកីឡាករកំពូលៗដូចជា ខ្សែប្រយុទ្ធ Robert Lewandowski និង Raphinha បន្ទាប់ពីលក់ភាគហ៊ុនមួយក្នុងចំណូលរបស់ពួកគេពីសិទ្ធិទូររទស្សន៍ ហើយលោក Laporta បានលើកឡើងថា Messi អាចនឹងត្រូវបានចុះកិច្ចសន្យាជាថ្មី ជាមួយនឹងយុទ្ធសាស្ត្រហិរញ្ញវត្ថុត្រឹមត្រូវ៕

