សមាគមសប្បុរសជនបរិច្ចាគឈាមកម្ពុជាប្រារព្ធខួបអនុស្សាវរីយ៍៩ឆ្នាំ ក្រោមអធិបតីភាព ឯកឧត្តម ង៉ូវ បូរីណា អគ្គនាយករង រដ្ឋបាលកិច្ចការទូទៅ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

 (ភ្នំពេញ) ៖ សមាគមសប្បុរសជនបរិច្ចាគឈាមកម្ពុជា ហៅកាត់ថា (សសបក) នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បានប្រារព្ធខួបអនុស្សាវរីយ៍៩ឆ្នាំនៃការបង្កើតសមាគម ស្ថិតនៅទីស្នាក់ការកណ្ដាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ង៉ូវ បូរីណា អគ្គនាយករង រដ្ឋបាលទូទៅក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំ សមាជិកសមាជិការសមាគមដៃរគូរសហការជាច្រើនអង្គភាព និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។ យោងតាមរបាយការណ៍លោក ផាត់ សារឿន ប្រធានសមាគម (សសបក) បានឲ្យដឹងថា សមាគមសប្បុរសជនបរិច្ចាគឈាមកម្ពុជា ហៅកាត់ថា (សសបក) បានបង្កើតឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដែលគោលបំណងសំខាន់បំផុតនៃសមាគម ការទទួលអំណោយឈាម ក្នុងន័យបំផុសមហាជនឲ្យយល់ដឹងពីសារៈសំខាន់នៃការបរិច្ចាគឈាមជួយសង្គ្រោះជីវិតមនុស្សទូទៅដោយមិនរើសអើង បម្រើក្នុងសកម្មភាពមនុស្សធម៌ពិតៗដោយមិនគិតកម្រៃ ឬបម្រើផលប្រយោជន៍អ្វីដល់សមាគមនោះឡើយ។ ពិធីនេះប្រារព្ធខួបអនុស្សាវរីយ៍នេះ ធ្វើឡើងមានការចូលរួមពីសំណាក់លោក ផាត់ សារឿន ប្រធានសមាគម (សសបក), លោក មាស វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាល សមាគម (សសបក), លោក វេជ្ជបណ្ឌិត លី សុវិទ្យ នាយករងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម, លោក ង៉ូវ បូរីណា អគ្គនាយករងរដ្ឋបាលកិច្ចការទូទៅ និងជាទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងថ្នាក់ដឹកនាំអមដំណើរគណៈអធិបតីនៃសមាគមអ្នកសារព័ត៌មានយុវជន ដឹកនាំដោយលោក ទេព វីរៈ អគ្គលេខាធិការសមាគមអ្នកសារព័ត៌មាន យុវជន។ ការចូលរួមចំណែកសកម្មភាពនៃការបរិច្ចាគឈាមនេះ បានជូនអំណោយឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺទូទៅ ដែលត្រូវការឈាមជាបន្ទាន់។ សមាគម (សសបក) រយៈពេល៩ឆ្នាំកន្លងមកនេះ បានចូលរួមបម្រើសង្គមជាតិប្រកបដោយឆន្ទៈ បម្រើផលប្រយោជន៍សង្គម ក្នុងការចែករំលែកនូវក្ដីស្រឡាញ់ដល់មនុស្សទូទៅ ដោយមិនមានការរើសអើង។ ចុងបញ្ចប់នៃកិច្ចសំណេះសំណាលនេះ គណៈអធិបតីបានអញ្ជើញត្រួតពិនិត្យសកម្មភាពនៃការទទួលអំណោយឈាមពីអ្នកស្ម័គ្រចិត្ត និងថតរូបអនុស្សាវរីយ៍ រហូតដល់ចប់កម្មវិធីមានការពិសារអាហារសាមគ្គីរួមគ្នា ដើម្បីបង្កើនភាពស្និតស្នាលបន្ថែមទៀត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram