អ្នកស្នេហាបាល់ទាត់ តុង សុប្រាជ្ញ ចង់ឃើញកម្ពុជាអញ្ជើញក្លិបធំៗមកប្រកួតគ្នាដូចថៃ
(ភ្នំពេញ)៖ តាមការគ្រោងទុកក្រុមហង្សក្រហម Liverpool និងក្រុមបិសាចក្រហម Manchester United ដែលជាក្លិបមកពីលីកកំពូលអង់គ្លេសដូចគ្នា ត្រូវប្រកួតលក្ខណៈមិត្តភាពបើករដូវកាល (Pre-season Club Friendly) នៅក្នុងទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨៖០០នាទីល្ងាច (ម៉ោងនៅកម្ពុជា)។

ការប្រកួតរវាងក្លិបធំៗ របស់ពិភពលោកនៅប្រទេសថៃ ដែលជាប់របងជាមួយប្រទេសកម្ពុជានេះដែរ បានទាក់ទាញចំណាប់អារម្មណ៍ អ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជាជាច្រើននាក់ ដោយបានទិញសំបុត្រសម្រាប់ចូលមើលការប្រកួត ការទិញសំបុត្រយន្តហោះធ្វើដំណើរ ការកក់សណ្ឋាគារស្នាក់នៅ និងការត្រៀមថវិកា ដើម្បីជួលយានយន្តធ្វើដំណើរ ទៅមើលការប្រកួតនេះដោយផ្ទាល់។
លោក តុង សុប្រាជ្ញ អ្នកស្នេហាវិស័យកីឡាបាល់ទាត់មួយរូប បានប្រាប់បណ្តាញព័ត៌មាន Cpns News ពីទីក្រុងបាងកក ឲ្យដឹងថា មកដល់បច្ចុប្បន្ននេះ ឱកាសមើលកីឡាបាល់ទាត់ដោយផ្ទាល់ របស់ក្លិបលំដាប់ពិភពលោក កម្រមានណាស់ សម្រាប់ប្រជាជនកម្ពុជា។
«គេមកលេងក្បែររបងផ្ទះហើយ យើងត្រូវតែទៅមើល»។ នេះជាការលើកឡើងរបស់លោក សុប្រាជ្ញ ដែលបានអះអាងថា លោក និងអ្នកផ្សេងទៀត សុទ្ធតែបានលះបង់ថវិកា ដើម្បីបានទៅមើលការប្រកួតដ៏កម្របែបនេះ។
តាមពិតទៅ លោក តុង សុប្រាជ្ញ គឺជាអ្នកគាំទ្រក្រុមកាំភ្លើងធំ Arsenal របស់អង់គ្លេស។ នៅពេលសួរថា ហេតុអ្វីបានជាលោកទៅមើលការប្រកួតរវាងក្រុមហង្សក្រហម និងក្រុមបិសាចក្រហមនោះ លោកឆ្លើយថា នេះជាការសកម្មភាពជំរុញឲ្យកូនខ្មែរកាន់តែស្រឡាញ់កីឡាបាល់ទាត់។
អ្នកគាំទ្រក្លិបបឹងកេតអង្គររបស់កម្ពុជារូបនេះ បានរៀបរាប់ថា កន្លងមកលោកតែងតែបំផុសចលនាឲ្យមានការគាំទ្រក្លិបនៅកម្ពុជា ដោយលោកមើលឃើញថា សកម្មភាពគាំទ្រកីឡាបាល់ទាត់នៅកម្ពុជា នៅមានកម្រិតនៅឡើយ។ លោកលើកឡើងបែបនេះ ក៏ព្រោះតែលោកសង្កេតឃើញថា នៅពេលការប្រកួតរវាងក្លិបនៅលីកកំពូលកម្ពុជា មិនសូវមានអ្នកទៅមើលនោះទេ គឺទៅមើលច្រើនតែពេលក្រុមជម្រើសជាតិប្រកួតប៉ុណ្ណោះ សម្រាប់ការប្រកួតក្នុងស្រុក។
លោក តុង សុប្រាជ្ញ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់ឲ្យអ្នកគាំទ្របាល់ទាត់ គឺជាអ្នកគាំទ្រពិតៗ មិនមែបានត្រឹមតែជាតែ e-fans (អ្នកគាំទ្រលើអ៉ីនធើណេត) តាមហ្វេសប៊ុកនោះទេ។ (អ្នកគាំទ្រក្លែងក្លាយខ្លះ) សូម្បីតែបាល់ខ្មែរលេងនៅលីក ក៏ខ្ជិលច្រអូសទៅមើលផ្ទាល់នៅស្តាត (ពហុកីឡដ្ឋាន) ផង។ (វិស័យកីឡាបាល់ទាត់ខ្មែរ) គឺខ្វះការលើកទឹកចិត្ត ដល់កីឡាបាល់ទាត់ ដែលលេងលីកកំពូលក្នុងស្រុកតែម្តង»។
អ្នកតាមដានកីឡាបាល់ទាត់រូបនេះ បានលើកឡើងទៀតថា អ្នកគាំទ្រកីឡាបាល់ទាត់ខ្លះទៀត បានត្រឹមតែស្រែកជេរតាមបណ្តាញសង្គម Facebook រីឯអ្នកគាំទ្រខ្លះ ជាប្រភេទមនុស្សខ្ជិល គឺសូម្បីតែទិញអាវរបស់ក្លិប និងទិញសំបុត្រមើលការប្រកួតនៅលីកខ្មែរ ក៏មិនហ៊ានចំណាយដែរ។
លោក តុង សុប្រាជ្ញ បានថ្លែងទៀតថា «ខ្ញុំខំព្យាយាមទៅមើលបាល់ខ្មែរ ដើម្បីលើកទឹកចិត្តម្ចាស់ក្លិប។ ក្លិបបរទេស ក៏ខ្ញុំចូលចិត្តមើលផ្ទាល់ដែរ លើកទឹកចិត្តការខំប្រឹងប្រែងរបស់ពួកគេ។ ខ្ញុំយកក្លិបបឹងកេត គ្រាន់តែធ្វើការចាប់អារម្មណ៍ទេ។ តាមពិត ខ្ញុំចូលចិត្តក្លិបដែលវិនិយោគបាល់ក្នុងស្រុកទាំងអស់ហ្នឹង ពីព្រោះជម្រើសជាតិ គឺសុទ្ធតែយកចេញពីក្លិបទាំងអស់»។
កាលនៅក្រៅប្រទេស លោក តុង សុប្រាជ្ញ ក៏ធ្លាប់មើលកីឡាករលំដាប់ពិភពលោក ពោលគឺការប្រកួតរបស់ក្លិបធំៗ ជាច្រើនលើកផងដែរ។ ចំពោះការទៅមើលការប្រកួត នៅប្រទេសថៃនេះដែរ លោកចង់បំផុសគំនិតឲ្យមានការអញ្ជើញក្លិបធំៗទាំងនោះ មកប្រកួតនៅប្រទេសកម្ពុជា ដូចប្រទេសថៃអញ្ជើញក្លិបទាំងនោះជាឧទាហរណ៍ស្រាប់ ព្រោះបើការតាមដានរបស់លោក គឺមិនខ្វះអ្នកមានធនធាន ដើម្បីហៅក្លិបទាំងនោះមកប្រកួតនោះឡើយ។
បើតាមលោក តុង សុប្រាជ្ញ លោកមិនចង់ឃើញការអញ្ជើញតែកីឡាករមួយ ឬពីររូប មកលេងស្រុកខ្មែរឡើយ ពោលទាល់តែការអញ្ជើញជាលក្ខណៈក្លិប ទើបមើលទៅអស្ចារ្យ។ មិនតែប៉ុណ្ណោះ ការអញ្ជើញក្លិបមកប្រកួត ធ្វើឲ្យកម្ពុជាមានផលចំណេញច្រើន ដូចជា ចំណេញបានគេស្គាល់ប្រទេសយើង អ្នកទេសចរណ៍ និងអ្នករស់នៅប្រទេសជិតខាងធ្វើដំណើរមកលេង ក៏ដូចជាការចំណាយរបស់ពួកគេ ក្នុងពេលមកទស្សនាការប្រកួតនៅប្រទេសយើងទៀតផង។
«Okay ខ្ញុំចូលចិត្តបាល់! ទៅមើលតែ ២ម៉ោងសោះ អស់លុយ ហើយអស់ពេលទៀត។ Ronaldo ខ្ញុំធ្លាប់ឃើញនៅអាមេរិកហើយ នាឆ្នាំ២០១៤ កាលលេងឱ្យ Real (Real Madrid) Vs Manu (Manchester United)។ លើកនេះ ខ្ញុំទៅមើល Man Utd លេងជាលើកទី៣។ លើកទី១ ManU Vs Real (3-1) នៅកីឡដ្ឋាន Michingan, សហរដ្ឋអាមេរិក ឆ្នាំ២០១៤ ។ លើកទី២ Man U Vs Mancity (1-3) នៅកីឡដ្ឋាន Ethihad, ទីក្រុង Manchester, ប្រទេស England ឆ្នាំ២០១៨។ រីឯ Liverpool ក៏ខ្ញុំទៅមើលជាលើកទី៣ ដែរ។ លើកទី១ Liverpool Vs Arsenal (1-1), នៅកីឡដ្ឋាន Emirates Stadium, ទីក្រុងឡុងដ៍ London និង Liverpool Vs Fulham (2-0), នៅកីឡដ្ឋាន Anfield, ទីក្រុង Liverpool ប្រទេស England, ឆ្នាំ២០១៨ ។ តែការប្រកួតរវាង Liverpool Vs Man Utd មិនដែលបានមើលក្លិប ២ហ្នឹងប៉ះគ្នាទេ»។ នេះជាការរៀបរាប់របស់លោក តុង សុប្រាជ្ញ ដែលពាក់ព័ន្ធនឹងការចំណាយប្រាក់ ដើម្បីបានមើលការប្រកួតបាល់ទាត់ ក្នុងព្រឹត្តិការណ៍ធំៗ៕





