កម្សត់ពេកហើយ! មេធាវីរបស់តារាស្រី Amber Heard ប្រកាសថា នាងគ្មានលទ្ធភាពបង់ប្រាក់ឲ្យអតីតស្វាមីទេ ក្រោយចាញ់ក្តី

(អាមេរិក)៖ តារាសម្តែងស្រីល្បីឈ្មោះក្នុងជួរហូលីវូដ ដែលសម្តែងក្នុងរឿង «Aquaman» អ្នកនាង Amber Heard ត្រូវបានរាយការណ៍មកថា កំពុងតែមានវិបត្តិហិរញ្ញវត្ថុ ក្រោយពីចាញ់ក្តីនៅតុលាការ ជាមួយអតីតស្វាមី Johnny Depp។

បើតាមការចេញផ្សាយដោយសារព័ត៌មាន International The News នាពេលថ្មីៗនេះបានឲ្យដឹងថា តារាស្រី Amber Heard កំពុងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុមួយផ្សេងទៀត ខណៈដែលក្រុមហ៊ុនធានារ៉ាប់រងរបស់នាង បានបដិសេធមិនទទួលខុសត្រូវចំពោះប្រាក់ចំនួន ៨.៣លានដុល្លារ ដែលតារារូបនេះជំពាក់អតីតស្វាមី Johnny Depp ក្រោយចាញ់ក្តីនៅមុខតុាលការ។ Amber ត្រូវបានគេរាយការណ៍ថា ទំនងជាទទួលបានប្រាក់ត្រឹមតែ១លានដុល្លារ ពីក្រុមហ៊ុនធានារ៉ាប់រង។ យោងតាម TMZ ច្បាប់គ្រប់គ្រងសម្រាប់គោលនយោបាយធានារ៉ាប់រងនៅរដ្ឋកាលីហ្វ័រញ៉ា ជារដ្ឋដែលគោលនយោបាយធានារ៉ាប់រងត្រូវបានចេញនោះ ក្រុមហ៊ុនធានារ៉ាប់រងមិនស្ថិតនៅលើការទទួលខុសត្រូវទេប្រសិនបើ Amber ប្រព្រឹត្តខុសនោះ។
ក្រុមហ៊ុនធានារ៉ាប់រង Amber Heard បាននិយាយថា មិនត្រឹមតែគណៈវិនិច្ឆ័យបានរកឃើញថា នាងចាញ់អតីតស្វាមីពីបទបរិហារកេរ្តិ៍នោះទេ គឺតារាស្រីក្នុងរឿង Aquaman រូបនេះ មានចេតនាធ្វើរឿងនេះឲ្យកើតឡើងថែមទៀត។
មេធាវីរបស់ Heard អ្នកស្រី Elaine Bredehoft បាននិយាយថា តារាស្រីរូបនេះ មិនអាចសងថ្លៃខូចខាតដល់អតីតស្វាមី Johnny Depp លើសពី១០ លានដុល្លារបានទេ បន្ទាប់ពីគណៈវិនិច្ឆ័យរបស់សហរដ្ឋអាមេរិកសម្រេចឲ្យ Johnny Depp ឈ្នះក្តី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram