ម្ចាស់មេដាយមាសរត់ប្រណាំងអូឡាំពិក Kipchoge គ្រោងវិលត្រឡប់មកវិញ នៅព្រឹត្តិការណ៍ Berlin Marathon
(ប៊ែកឡាំង)៖ ម្ចាស់មេដាយមាសអូឡាំពិក ២លើក សញ្ជាតិកេនយ៉ា កីឡាករ Eliud Kipchoge នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុង Berlin Marathon នៅខែកញ្ញាខាងមុខ។ នេះបើតាមក្រុមរបស់លោក NN Running Team បានប្រាប់ឲ្យដឹងនាថ្ងៃសុក្រ ជាការវិលត្រឡប់ទៅកាន់ទីលានប្រកួត ដែលលោកធ្លាប់បំបែកកំណត់ត្រាពិភពលោកកាលពី៤ឆ្នាំមុន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២។

កីឡាករវ័យ ៣៧ឆ្នាំរូបនេះ នឹងបន្តតាមរកពានរង្វាន់លើកទី៤ របស់លោកនៅរដ្ឋធានីរបស់អាល្លឺម៉ង់មួយនេះ ជាទីកន្លែងដែលការប្រើពេលវេលារបស់លោក ២ម៉ោង ១នាទី និង៣៩វិនាទី នៅក្នុងការបង្ហាញខ្លួនលើកចុងក្រោយរបស់លោកក្នុងឆ្នាំ២០១៨នោះ នៅតែឈរជាអ្នកបំបែកបំណត់ត្រាពិភពលោកដដែល។
Kipchoge នៅតែបន្តរក្សាបាននូវមេដាយមាសអូឡាំពិករបស់លោក នៅទីក្រុង Sapporo នៃព្រឹត្តិការណ៍ Tokyo Games កាលពីឆ្នាំមុន។
លោក Kipchoge បានឈ្នះមេដាយចំនួន ១៤គ្រឿង ក្នុងចំណោមការចូលរួមរត់ប្រណាំងម៉ារ៉ាតុងចំនួន ១៦លើក ក្នុងនោះរួមទាំងមេដាយអូឡាំពិករបស់លោក ចំនួន ២គ្រឿង និងមេដាយសំខាន់ៗចំនួន៩ផ្សេងទៀត។
សូមជម្រាបថា Berlin Marathon នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញាខាងមុខ៕




