Hull City ចុះកិច្ចសន្យាយកអតីតខ្សែបម្រើ Jean Michael Seri របស់ Fulham លើកិច្ចសន្យារយៈពេល ៣ឆ្នាំ
(ហូល)៖ ក្លិបបាល់ទាត់អង់គ្លេស Hull City បានចុះហត្ថលេខានាំយកអតីតខ្សែបម្រើក្លិប Fulham កីឡាករ Jean Michael Seri លើកិច្ចសន្យារយៈពេល៣ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២។

កីឡាករវ័យ ៣០ឆ្នាំលំដាប់អន្តរជាតិសញ្ជាតិកូដឌីវ័ររូបនេះ មិនមានក្លិបលេងនោះទេ បន្ទាប់ពីចាកចេញពីក្លិប Fulham នៅពេលដែលកិច្ចសន្យារបស់លោកបានបញ្ចប់កាលពីខែមុន។
Seri បានបង្ហាញខ្លួន ៣៣លើកសម្រាប់ក្លិប Fulham ដែលលេងនៅលីគ Championship ក្នុងរដូវកាល២០២១-២២ ខណៈក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Marco Silva រូបនេះបានឈ្នះពានរង្វាន់ Championship។
លោកអាចនឹងបង្ហាញខ្លួនជាលើកដំបូង សម្រាប់ក្លិប Hull City ដែលត្រូវប៉ះនឹងក្រុម Bristol City នៅថ្ងៃទី៣០ ខែកក្កដាខាងមុខនេះ៕


