អភិបាលខណ្ឌឫស្សីកែវ ប្រាប់ដល់លោក បាន ម៉េងទូច ម្ចាស់ការដ្ឋានសាងសង់ភូមិគ្រឹះ លើផ្លូវលេខ១៨១២ ផ្អាកការសាងសង់ជាបណ្តោះអាសន្ន ព្រោះពុំមានលិខិតអនុញ្ញាត, បើមិនធ្វើតាមនឹងត្រូវវាយកម្ទេចចោល….
(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានប្រាប់ដល់លោក បាន ម៉េងទូច ម្ចាស់ការដ្ឋានសាងសង់ភូមិគ្រឹះ ស្ថិតនៅផ្លូវ១៨១២ ភូមិទួលពពែ សង្កាត់ទួលសង្កែ២ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ឲ្យផ្អាកការសាងសង់ជាបណ្តោះអាសន្នសិន ព្រោះករណីសាងសង់ភូមិគ្រឹះនេះ ពុំមានលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។

លិខិតរបស់សាលាខណ្ឌប្ញស្សីកែវ ដែលចុះហត្ថលេខាដោយអភិបាលខណ្ឌ ដែលទទួលបាននៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ ថែមទាំងបានតម្រូវឲ្យម្ចាស់ភូមិគ្រឹះខាងលើ បំពេញបែបបទស្នើសុំលិខិតអនុញ្ញាតសាងសង់ ឲ្យបានត្រឹមត្រូវពីរដ្ឋបាលខណ្ឌ ឬរដ្ឋបាលរាជធានីភ្នំពេញ និងរង់ចាំរហូតទទួលបានលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាបើកការដ្ឋាន ទើបអាចបន្តការសាងសង់ទៅទៀតបាន។

ទន្ទឹមនឹងការណែនាំខាងលើអភិបាលខណ្ឌឫស្សីកែវ ក៏បានព្រមានថា ក្នុងករណីម្ចាស់ភូមិគ្រឹះនេះ មិនព្រមអនុវត្តន៍តាមខ្លឹមសារលិខិតនេះទេ រដ្ឋបាលខណ្ឌនឹងចាត់វិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ប្រយោជន៍អ្វីឡើយ៕ ( ប្រភព Fresh News )

