ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត….


ខេត្តព្រះសីហនុ៖ រសៀលថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តព្រះសីហនុ ។

តាមសេចក្តីប្រកាសលេខ ១៦០០អយក.ប្រក ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ សម្រេចប្រគល់ភារកិច្ចជូនលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុនជន និងកីឡាខេត្តព្រះសីហនុ ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានមានមតិស្វាគមន៍ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ មន្ត្រីមន្ទីរអប់រំបានខិតខំយកអស់កម្លាំងកាយ ចិត្តធ្វើឱ្យវិស័យអប់រំមានការរីកចម្រើនបានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយកំណើនការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា។


ខេត្តព្រះសីហនុជាតំបន់ប៉ូលអភិវឌ្ឍន៍ជាតិមួយដ៏សំខាន់នៅតំបន់ឆ្នេរមានសក្តានុពលសេដ្ឋកិច្ចក្នុងការទាក់ទាញវិនិយោគនិងភ្ញៀវទេសចរចូលមកលេងកម្សាន្តតាមឆ្នេរសមុទ្រ កោះដ៏ស្រស់ស្អាត ខេត្តមានកំពង់ផែអន្តរជាតិ អាកាសយាន្តដ្ឋានអន្តរ ជាតិ និងធនធានធម្មជាតិដ៏សំបូរបែប ។ ការស្ថាបនាផ្លូវអាទិភាព ៣៤ខ្សែប្រវែង ៨២.៥០៥ម៉ែត្រ ចែកចេញជាបីប្រភេទរួមមាន មហាវិថី និងអនុវិថី ដែលរចនាសម្រាប់ទីក្រុងទំនើបផ្ដោតលើគុណភាពភាពធន់នឹងអាកាសធាតុផ្ដល់ជាអាទិភាពទៅលើផ្លូវថ្មើរជើង ផ្លូវជិះកង់ សួនជំរាបទឹកធម្មជាតិតាមដងផ្លូវ ផ្លូវដែលមិនរំខានដល់ទេសចរណ៍តំបន់ឆ្នេរ និងផ្លូវដើរដែលមានមេត្រីភាពរវាងមនុស្ស និងធម្មជាតិប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងឆ្លាតវៃ និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដែលមានសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅទេសចរណ៍ និងធុរកិច្ចស្របតាមផែនការរៀបចំដែនដីខេត្តព្រះសីហនុ ក្នុងចក្ខុវិស័យឆ្នាំ២០៣០។

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាមានប្រសាសន៍ថាពិធីប្រកាសតែងតាំងប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ នាពេលនេះឆ្លើយតបទៅ នឹងតម្រូវការការងារអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន ស្របពេលដែលខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើន ។

ឯកឧត្តមបណ្ឌិតសភាចារ្យមានចំណាប់អារម្មណ៍ថា ខេត្តព្រះសីហនុហាក់បីដូច ជាប្រទេសសិង្ហបុរី ដោយសារតែសន្ទុះនៃការអភិវឌ្ឍដែលកម្ពុជាទទួលបាននូវសុខសន្តិភាព ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមកម្ពុជាមានការរីកចម្រើនហើយយុទ្ធសាស្ត្រចតុកោណបានប្រែក្លាយតំបន់៣ ជាប៉ូលអភិវឌ្ឍន៍ជាតិដ៍មានសារៈសំខាន់ក្នុងនោះមានរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ដែលមានការទាក់ទាញអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុប្រែក្លាយជាគុជមួយនៃកម្ពុជា ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ នាពេលអនាគត ។


ឯកឧត្តបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្តថា ក្រសួងអប់រំជម្រុញឱ្យជ្រើសរើសសាលាក្នុងខេត្តព្រះសីហនុជាសាលាគំរូដើម្បីពង្រឹងគុណភាពកម្រិតឧត្តមសិក្សាដោយធ្វើការបណ្តុះបណ្តាល ជំនាញបច្ចេកទេសទីផ្សារ បដិសណ្ឋារកិច្ច ទាមទារឱ្យយើងបង្កើតគ្រឹះស្ថានឧត្តមសិក្សាឆ្លើយតបតទៅនឹងតម្រូវការទីផ្សារនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram