ថៃរឹបអូសអាវុធ និងគ្រាប់រំសេវ ជាច្រើនប្រភេទ ក្បែរព្រំដែន ប្រទេស ភូមា…..
ប្រទេសថៃ ៖
អាវុធសម្រាប់ធ្វើសឹកសង្គ្រាមនិងគ្រាប់រំសេវជាច្រើនត្រូវបានកម្លាំងយោធានិងតម្រួតថៃប្រចាំស្រុកម៉ែសតធ្វើការរឹបអូស បន្ទាប់ពីបានធ្វើការតាមដាន និងស្រាវជ្រាវអស់រយៈពេលយ៉ាងយូររួចមកដែលអាវុធទាំងនេះ ត្រូវបានគេលាក់នៅក្នុងផ្ទះមួយកន្លែងនៅភាគខាងត្បូងនៃប្រទេសថៃក្បែរខ្សែបន្ទាត់ព្រំដែនថៃ&ភូមា។
យោងតាមការផ្សាយរបស់គេហទំព័រ របស់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៧បានបញ្ញាក់ថាកាលពីល្ងាចថ្ងៃទី ២៣ខែមិថុនាឆ្នាំ ២០២០បន្ទាប់ពីទទួលបានការស្រាវជ្រាវច្បាស់ការរួចមកកម្លាំងយោធាព្រំដែនលេខ ៤ បានសហការជាមួយកម្លាំងតម្រួតការពារព្រំដែនលេខ ៣៤៦បានចុះឆែកឆេរលំនៅឋានមួយកន្លែង ស្ថិតក្នុងភូមិ ២ឃុំម៉ែដាវស្រុកម៉ែសតខេត្តតាកភាគខាងត្បូងនៃប្រទេសថៃជាប់នឹងខ្សែបន្ទាត់ព្រំដែនភូមា។
ក្នុងយុទ្ធនាការឆែកឆេរនេះ សមត្ថកិច្ចថៃបានរកឃើញមានអាវុធនិងគ្រាប់រំសេវជាច្រើន ដែលជនទុច្ចរិតលាក់ទុកក្នុងគោលបំណងធ្វើអ្វីមួយ ។ នៅក្នុងកិច្ចប្រតិបត្តិការនោះគឺថៃបានបញ្ជាក់អំពីប្រភេទអាវុធដូចជាកាំភ្លើងយន្តខ្នាត៦២ចំនួន២ដើមកាំភ្លើងM១៦ចំនួន ៤ ដើមកាំភ្លើងM ៧៩ចំនួន៣ដើមកាំភ្លើង AK៤៧ ចំនួន ១៣ ដើមកាំភ្លើងខ្នាតវែងចំនួន១០ដើមគ្រាប់បែក២គ្រាប់ និងកាំភ្លើងប្រភេទផ្សេងៗទៀតសរុបចំនួន៣៣ដើម ព្រមទាំងគ្រាប់រំសេវនិងសម្ភារៈសម្រាប់ធ្វើសឹក សង្គ្រាមជាច្រើនថែមទៀត។
នៅក្នុងពេលនោះដែរសមត្ថកិច្ចថៃបានឃាត់ខ្លួនមនុស្សចំនួន២ នាក់ដែលជាជនជាតិថៃស្នាក់នៅក្នុងផ្ទះនេះ។ជាមួយគ្នានោះដែរបន្ទាប់ពីបានដឹងថាភាគីថៃបានរកឃើញមានការលាក់អាវុធជាច្រើនក្បែរខ្សែបន្ទាត់ ព្រំដែនបែបនេះខាងយោធាភូមាដែលឈរជើងនៅក្នុងខេត្ត មៀវឌីជាប់ខ្សែបន្ទាត់ព្រំដែនថៃបានចាប់ផ្តើមប្រុងប្រយ័ត្ននិងចាប់ផ្តើមរឹតបន្តឹងក្នុងការឆែកឆេរនិងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ៕




