ឈប់ហូបសាច់សត្វព្រៃ ដើម្បីបញ្ឈប់ការសម្លាប់! សត្វខ្ទីងមួយក្បាលទៀត ត្រូវពានព្រៃសម្លាប់ នៅក្នុងឧទ្យានជាតិក្រវ៉ាញកណ្ដាល…..

(ពោធិ៍សត្វ)៖ សត្វខ្ទីងដែលជាប្រភេទសត្វកម្រនៅកម្ពុជាមួយក្បាលទៀតហើយ ត្រូវបានព្រានព្រៃចិត្តអប្រិយដាក់អន្ទាក់ និងសម្លាប់។ គំនរសាច់ និងសពសត្វខ្ទីងដែលព្រានព្រៃប្រមូលយកទៅមិនទាន់អស់នោះ ត្រូវបានមន្ត្រីឧទ្យានុរក្ស និងមន្ត្រីនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រទះឃើញនៅថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២០នេះ ពេលចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុង ឧទ្យានជាតិក្រវ៉ាញកណ្ដាល ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់សត្វខ្ទីងមួយក្បាលនេះ និងថ្កោលទោសចំពោះក្រុមជនល្មើសដែលតែងតែងលួចប្រព្រឹត្តបទល្មើសដាក់អន្ទាក់សត្វ និងបរបាញ់សត្វកម្រ បើទោះបីជាក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធខិតខំប្រឹងប្រែងក្នុងការការពារអភិរក្ស បង្កើនការផ្សព្វផ្សាយ អប់រំ កុំឱ្យបរបាញ់សត្វព្រៃយ៉ាងណាក៏ដោយ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានដឹង ឬស្គាល់ពីអត្តសញ្ញានៃជនល្មើសជួយរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីចាត់វិធានការតាមច្បាប់។

លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រុមជនល្មើសបានរត់គេចខ្លួនបាត់នៅពេលដែលដឹងថា ក្រុមមន្ត្រីឧទ្យានុរក្សដើរល្បាតនៅក្នុងតំបន់នោះ ដោយបន្សល់ទុកនូវសាច់សត្វខ្ទីងដែលបានពន្លះជាដុំៗបម្រុងនឹងដឹកចេញ។

តាមការបញ្ជាក់របស់លោករដ្ឋលេខាធិការក្រសួងបរិស្ថាន សត្វខ្ទីងដែលត្រូវបានសម្លាប់ នេះមានជើងជាប់អន្ទាក់ ហើយស្នែងរបស់វាត្រូវបានគេកាត់យកទៅបាត់បន្សល់ទុកក្បាល និងសាច់ជាច្រើនគីឡូក្រាម។

«នេះគឺជាសត្វខ្ទីងទី២ ហើយដែលត្រូវបានដឹងថា បានស្លាប់នៅក្នុងរយៈពេល ២ខែចុងក្រោយនេះ។ ខ្ទីងពេញវ័យមួយក្បាលអាយុប្រហែល ៥ឆ្នាំ ត្រូវបានដឹងថា ត្រូវបានព្រានបាញ់សម្លាប់ ដោយបន្សល់ទុកតែក្បាលនៅក្នុងដែនជម្រកសត្វព្រៃព្រះរកានៅក្នុងខេត្តព្រះវិហារកាលពីខែឧសភាកន្លងទៅ»។ នេះគឺជាការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា។

លោក នេត្រ ភក្ត្រា បានលើកឡើងថា អន្ទាក់និងកាំភ្លើងកែច្នៃ គឺជាឃាតកលាក់មុខសម្លាប់សត្វព្រៃនៅកម្ពុជា ជារៀងរាល់ដែលចាំបាច់ត្រូវទប់ស្កាត់និងបង្ក្រាបកុំឱ្យមានការយកចូលក្នុងតំបន់ការពារធម្មជាតិ។ លោកថ្លែងថា អន្ទាក់ជាងមួយម៉ឺនត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ និងកាំភ្លើងរួមនឹងកាំភ្លើងកែច្នៃជាង ៣០០ដើមត្រូវបានរឹបអូសនៅក្នុងរយៈពេល ៤ខែដើមឆ្នាំ ២០២០នេះ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram