United នឹងគ្មានវត្តមានខ្សែបម្រើ McTominay និងខ្សែប្រយុទ្ធ Cavani ក្នុងការប៉ះ Watford

(មេនឆេស្ទើ)៖ ក្លិប Manchester United នឹងមិនមានវត្តមានកីឡាករខ្សែបម្រើ Scott McTominay និងខ្សែប្រយុទ្ធ Edinson Cavani សម្រាប់ការប្រកួតប៉ះក្រុម Watford ក្នុងលីគ Premier League នាថ្ងៃសៅរ៍សប្តាហ៍នេះ។ នេះបើតាមសម្តីអ្នកចាត់ការបណ្តោះអាសន្ន Ralf Rangnick ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។


កីឡាករអន្តរជាតិសញ្ជាតិស្កុតឡែន McTominay បានខកខានការប្រកួតពាក់កណ្តាលសប្តាហ៍ក្នុងលទ្ធផលស្មើជាមួយក្រុម Atletico Madrid ក្នុងលីគ Champions League ដោយសារមានជំងឺ ស្របពេលខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយ Cavani បានអវត្តមានពីការប្រកួត បន្ទាប់ពីមានបញ្ហាក្រលៀន កាលពីសប្តាហ៍មុន។


«ស្ថានភាព គឺពិតជានៅដូចពីពេលមុន» នេះបើតាមសម្តីលោក Rangnick បានប្រាប់ក្នុងសន្និសីទសារព័ត៌មាន នៅពេលដែលមានការសាកសួរ ពីវត្តមានរបស់កីឡាករទាំងពីរ។
«គាត់ (Cavani) មិនបានហ្វឹកហាត់ជាមួយយើងនោះទេ ដូច្នេះគាត់មិនអាចចូលរួមប្រកួតនាថ្ងៃស្អែកបានឡើយ ហើយ Scott ក៏ដូចគ្នាដែរ។ គាត់នៅមិនទាន់ជា គាត់មិនអាចហ្វឹកហាត់ជាមួយយើងបានទេ។ រំពឹងថា គាត់នឹងចាប់ផ្តើមហ្វឹកហាត់ជាមួយពួកយើងម្តងទៀតនៅសប្តាហ៍ក្រោយ ប៉ុន្តែសម្រាប់ការប្រកួតនាថ្ងៃស្អែក ពួកគេទាំងពីរមិនអាចចូលរួមបានទេ» នេះបើតាមសម្តីអ្នកចាត់ការបណ្តោះអាសន្ន សញ្ជាតិអាល្លឺម៉ង់នេះ។
United កំពុងស្ថិតនៅលំដាប់ទី៤ ក្នុងតារាងលីគ Premier League មាន ១ពិន្ទុនាំមុខក្រុម Arsenal ប៉ុន្តែនៅសល់ ២ប្រកួតទៀតច្រើនជាងក្រុម Arsenal៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram