ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយមន្ទីរ បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់បងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ក្នុងក្រុងសែនមនោរម្យ….
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី លេខាធិការដ្ឋាន អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តមណ្ឌលគិរី ស.ស.យ.ក ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់បងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលប្រព្រឹត្តទៅនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
យុទ្ធនាការនេះ ទទួលបានការចូលរួមជាអធិបតីភាពពីលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ព្រមទាំងមានការចូលរួមអមដំណើរដោយ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាប្រធានផ្នែកអប់រំផ្សព្វផ្សាយ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.។
លោកជំទាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវ ត្រូវចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានព្រមៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
គោលបំណងនៃការចុះអប់រំផ្សព្វផ្សាយនាពេលនេះ គឺដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេស អ្នកប្រើប្រាស់ទោចក្រយានយន្ត ឱ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាប។ ក្នុងយុទ្ធនាការនេះ មានការរៀបចំជាកម្មវិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ព្រមទាំងមានការសួរ និងឆ្លើយសំណួរអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដើម្បីទទួលបានមួកសុវត្ថិភាព និងឱ្យយុវជនរៀនប្រើប្រាស់កម្មវិធីអប់រំអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (Cambodia Driving Rules)
ដែលជាកម្មវិធីមួយដ៏ងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋអាចធ្វើការរៀនសូត្រអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអាចប្រលងសាកល្បងសមត្ថភាពរបស់ខ្លួន ព្រមទាំងការចែកជូននូវឯកសារមួយចំនួន ដូចជា សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ខិត្តប័ណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ និងស្ទីកឃ័រចំណាំងផ្លាត។
ក្នុងយុទ្ធនាការនេះ ក៏មានការណែនាំដល់អ្នកចូលរួមក្នុងយុទ្ធនាការអំពីវិធានទប់ស្កាត់ជំងឺ Covid-19 តាមរយៈការរក្សាគម្លាត ការពាក់ម៉ាសការពារ ការថែរក្សាសុខភាព និងអនាម័យខ្លួនប្រាណតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺ Covid-19 ផងដែរ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យកឆ្នាំ២០២០ ជាឆ្នាំនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងការទប់ស្កាត់ និងកាត់បន្ថយឱ្យបានអតិបរមានូវកំណើនគ្រោះថ្នាក់ចរាចរណ៍ កំណើនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សំដៅអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញនូវវិធានការសំខាន់ៗចំនួន ៧ចំណុចផងដែរ៕






