នគរបាលបានបញ្ជូនចាងហ្វាងកាសែតអនឡាញ ២ នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ
ភ្នំពេញៈ នគរបាលបានបញ្ជូនចាងហ្វាងកាសែតអនឡាញ ២ នាក់ទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ២២ ធ្នូ ពាក់ព័ន្ធរឿងជំរិតទារប្រាក់ពីហាងកាហ្វេមួយកន្លែងចំនួន ៦០០ ដុល្លារអាមេរិក នៅក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ

រាជធានីភ្នំពេញ។ លោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងនៅរសៀលថ្ងៃទី ២២ ធ្នូថា ជនសង្ស័យឈ្មោះ ឆុំ ដានី ភេទប្រុស ជាចាងហ្វាងគេហទំព័រ កងមាស និងម្នាក់ទៀតឈ្មោះ អ៊ុន ចាន់ថា ភេទប្រុស ជាចាងហ្វាងគេហទំព័រ រស្មីក្រុងតាខ្មៅញូវ។ លោកថ្លែងថា៖ «ជនទាំង ២ នាក់ត្រូវបានសមត្ថកិច្ចជំនាញរបស់ខ្ញុំកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ។ ខ្ញុំបញ្ជូនពួកគេនៅថ្ងៃទី ២២ ធ្នូ»។ យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចបង្ហាញថា ជនទាំង ២ នាក់ត្រូវបានចាប់ខ្លួននៅក្នុងស្តាម៉ាតមួយកន្លែងស្ថិតនៅភ្លើងស្តុបស្ពានដែកក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង ៤ រសៀលថ្ងៃទី ២០ ធ្នូ ឆ្នាំ ២០២១ ពាក់ព័ន្ធជំរិតទារប្រាក់ចំនួន ៦០០ ដុល្លារអាមេរិក ពីអ្នកគ្រប់គ្រងហាងកាហ្វេមួយយីហោឈ្មោះ «V88» ក្នុងខណ្ឌដូនពេញ។ ជនរងគ្រោះបានប្តឹងសមត្ថកិច្ចដោយសារជនសង្ស័យទាំង ២ នាក់នោះទារប្រាក់ជាថ្នូរទៅនឹងមិនចុះផ្សាយព័ត៌មាន។ ទោះជាយ៉ាងណាក៏ដោយលោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មានបានឱ្យដឹងនៅរសៀលថ្ងៃទី ២២ ធ្នូ ថា ចាងហ្វាងគេហទំព័រទាំង ២ នាក់នោះ មានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន។ លោកថ្លែងប្រាប់ថា៖ «យើងបានណែនាំច្រើនណាស់ទាំងផ្ទាល់ និងប្រយោល ទាក់ទងវិជ្ជាជីវៈ និងច្បាប់ផងដែរដល់អ្នកសារព័ត៌មាន តែអ្នកសារព័ត៌នៅតែល្មើស»៕


