ការនាំស្រូវទៅវៀតណាមជាង១លានតោនមិនប៉ះពាល់ការប្រមូលទិញរបស់រោងម៉ាស៊ីនក្នុងស្រុក…

រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំកំពូលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា ការនាំចេញស្រូវទៅប្រទេសវៀតណាមឆ្លងកាត់តាមច្រកក្នុងខេត្តព្រៃវែង មានជិត៦ពាន់តោន ក្នុងមួយថ្ងៃ កាលពី១០ សីហា បើគិតត្រឹមរយៈពេល៧ខែ ឆ្នាំ២០២០នេះមានជាង១លានតោន ។

តែបរិមាណនាំចេញស្រូវនេះ អ្នកជំនាញយល់ថា វាមិនបានធ្វើឱ្យប៉ះពាល់ដល់រោងម៉ាស៊ីនកិនស្រូវនៅក្នុងស្រុកនោះទេ ។
បើតាម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា យោងតាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២០ ការនាំស្រូវចេញតាមច្រកក្នុងភូមិសាស្ត្រខេត្តព្រៃវែង មានចំនួនសរុប ៥. ៩៧៧ តោនក្នុងថ្ងៃក្នុងនេះការនាំស្រូវចេញតាមច្រកបន្ទាយចក្រីស្រុកព្រះស្តេច មានចំនួន ៥.៧៩៨ តោន និងតាមច្រកកោះសំពៅមានចំនួន ១៧៩ តោន ។


លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា «តម្លៃស្រូវនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ទទួលបានល្អប្រសើរ គឺប្រភេទស្រូវ OM៥៤៥១ មានតម្លៃ ៩៣០ រៀលក្នុងមួយគីឡូក្រាម និងស្រូវអីអ៊ែ៥០៤ មានតម្លៃ ១.០៣០រៀលក្នុងមួយគីឡូក្រាម» ។បើតាមលោករដ្ឋមន្ត្រីវេង សាខុន យោងតាមសេចក្តីរាយការណ៍ពីអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល៧ខែ ១០ថ្ងៃ មានចំនួន ១.១៦៣. ៦៦៩ តោន ។លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាមានប្រសាសន៍ថា នៅខែសីហានេះ សម្រាប់ថវិកាទិញស្រូវរបស់ម្ចាស់រោងម៉ាស៊ីនគ្មានបញ្ហាចោទទេ ព្រោះស្រូវប្រមូលផលនៅមានចំនួនស្រូវតិចធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវអាចប្រមូលទិញតាមធម្មតាបាន ហើយក្នុងពេលនេះខាងវៀតណាមក៏ទិញស្រូវកម្ពុជាដែរ ។ លោកបន្តថា សព្វថ្ងៃនេះសម្រាប់រោងម៉ាស៊ីនកិនស្រូវកសិករមានស្រូវប៉ុន្មាន ម្ចាស់រោងម៉ាស៊ីនទិញយកប៉ុណ្ណឹង ព្រោះផ្ទៃដីស្រូវប្រមូលផលមានតែប៉ុន្មានម៉ឺនហិកតា អីចឹងវាគ្មានអ្វីជាបញ្ហាចោទនោះទេ ។


លោកលន់ យ៉េង មានប្រសាសន៍ថា «ការនាំចេញស្រូវជាង១លានតោន ក្នុងរយៈពេល៧ខែកន្លងមកនេះ វាមិនបានធ្វើឱ្យប៉ះពាល់ដល់ម្ចាស់រោងម៉ាស៊ីនក្នុងស្រុកនោះទេ ព្រោះស្រូវនាំចេញទៅប្រទេសវៀតណាមជាប្រភេទស្រូវអ៊ីអ៊ែ វាមិនពាក់ព័ន្ធនឹងស្រូវដែលជាមុខសញ្ញានាំចេញជាអង្ករទេ ។បើតាមការរាយការណ៍ និងការគណនានោះ គឺស្រូវនៅសល់៥ទៅ៦លានតោន បើយើងកិនស្រូវសម្រាប់ធ្វើការនាំចេញជាអង្ករ យើងត្រូវការប្រហែលស្រូវតែប្រមាណ២លានតោន» ។


បើតាមអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ទីផ្សារស្រូវធំរបស់កម្ពុជា គឺវៀតណាម ។បើអត់វៀតណាមចូលមកទិញនោះប្រាកដណាស់កសិករអាចនឹងមានបញ្ហា ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram