ស៊ុយអែត នឹងស្វែងរកវឌ្ឍនភាពក្នុងការពិភាក្សាជាមួយតួកគី ជុំវិញសំណើចូលជាសមាជិក NATO


(ស្តុកខុល)៖ រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោកស្រី អាន លីនដ៍ (Ann Linde) នៅថ្ងៃសុក្រនេះបាននិយាយថា ប្រទេសស៊ុយអែតនឹងស្វែងរកការធ្វើឱ្យមានវឌ្ឍនភាពក្នុងន័យស្ថាបនា នៅក្នុងកិច្ចចរចាជាមួយប្រទេសតួកគី ជុំវិញការជំទាស់របស់ទីក្រុងអង់ការ៉ា (Ankara) លើការស្នើសុំរបស់ប្រទេសអឺរ៉ុបខាងជើងមួយនេះ ដើម្បីចូលជាសមាជិក នៃអង្គការណាតូ (NATO)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២។
ការជំទាស់របស់តួកគី បានធ្វើឱ្យក្រុមមន្ត្រីហ្វាំងឡង់ ស៊ុយអែត និងក្រុមមន្ត្រីអង្គការ NATO ជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបានបន្ថយទៅវិញនូវ ក្តីរំពឹងខ្ពស់ដែលថា ការចូលជាសមាជិករបស់ប្រទេសទាំងពីរ អាចប្រព្រឹត្តទៅបានយ៉ាងរហ័ស ខណៈដែលកិច្ចប្រជុំកំពូលរបស់NATO នឹងរៀបចំឡើងនៅទីក្រុងម៉ាឌ្រីដ (Madrid) ប្រទេសអេស្ប៉ាញ នៅចុងខែមិថុនានេះ។
លោកស្រី Linde បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍គោលនយោបាយការបរទេស នៅក្នុងសភាស៊ុយអែតថា «ពាក្យស្នើសុំរបស់យើង បានទទួលការគាំទ្រយ៉ាងទូលំទូលាយក្នុងចំណោមសមាជិកអង្គការ NATO។ មហិច្ឆតារបស់យើង គឺនៅក្នុងស្មារតីស្ថាបនា ធ្វើសម្រេចឱ្យបានវឌ្ឍនភាព ក្នុងសំណួរដែលតួកគីបានលើកឡើង»។ លោកស្រី Linde បានបន្ថែមថា មិនគួរមានការងឿងឆ្ងល់ទេ គឺស៊ុយអែតឈរជាមួយសម្ព័ន្ធមិត្តជានិច្ច ប្រឆាំងនឹងអំពើភេរវកម្ម។
គួរបញ្ជាក់ថា ប្រទេសហ្វាំងឡង់ និងស៊ុយអែតបានដាក់ពាក្យស្នើសុំជាផ្លូវការ ដើម្បីចូលជាសមាជិកភាពនៃអង្គការ NATO កាលពីខែមុន ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ប៉ុន្តែត្រូវប្រឈមមុខនឹងការជំទាស់ពីប្រទេសតួកគី ដែលចោទប្រកាន់ពួកគេថា មានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធ ឃើដ ដែលតួកគីចាត់ទុកជាក្រុមភេរវករ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram