Liverpool បញ្ជាក់ពីការចាកចេញរបស់ខ្សែប្រយុទ្ធ Origi


(លីវើភូល)៖ ខ្សែប្រយុទ្ធក្លិប Liverpool កីឡាករ Divock Origi នឹងចាកចេញពីក្លិប នៅពេលដែលកិច្ចសន្យារបស់លោកផុតកំណត់នៅបំណាច់ខែនេះ។ នេះបើតាមការអះអាងពីក្លិបនាថ្ងៃព្រហស្បតិ៍ ខណៈពួកគេបានចេញនូវបញ្ជីឈ្មោះកីឡាករដែលនៅបន្តលេងសម្រាប់ Premier League រដូវកាលក្រោយ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។
Origi ជាកីឡាករសំខាន់មួយរូបនៅក្នុងការដណ្តើមបានពានរង្វាន់ UEFA Champions League របស់ក្លិប Liverpool ក្នុងឆ្នាំ២០១៩ ហើយលោកចាកចេញពីក្លិប បន្ទាប់ពីបានស៊ុតបាល់បញ្ចូលទី ៤១គ្រាប់ ក្នុងការបង្ហាញខ្លួន ១៧៥ប្រកួត។
កីឡាករវ័យ ២៧ឆ្នាំរូបនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា នឹងផ្លាស់ទៅលេងឲ្យក្លិប AC Milan នៃប្រទេសអ៉ីតាលី។
ជាមួយគ្នានោះ អ្នកចាំទី Loris Karius ដែលបានធ្វើឲ្យរបូតបាល់ ២គ្រាប់នៅពេលដែល Liverpool ចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League កាលពីឆ្នាំ២០១៨ ក្រោមថ្វីជើងក្រុម Real Madrid នោះ ក៏នឹងចាកចេញពីក្លិបផងដែរ នៅពេលកិច្ចសន្យារបស់លោកផុតកំណត់នៅខែនេះដូចគ្នា។
បន្ថែមពីនោះកីឡាករ Sheyi Ojo និងកីឡាករ Ben Woodburn ជាកីឡាករវ័យក្មេងជាងគេដែលរកគ្រាប់បាល់បានក្នុងប្រវត្តិសាស្ត្ររបស់ Liverpool ក៏នឹងចាកចេញផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram