គ្រោះថ្នាក់ស្មានមិនដល់! កំពុងបើកម៉ូតូសុខៗ ស្រាប់តែរលំដើមសង្កត់មួយគ្រួសារ….

ខេត្តប៉ៃលិន ៖ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២០ ម៉ោង ១២:៣៨ នាទី
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ដោយជាយថាហេតុមួយបានកើតឡើង ខណៈពេលដែលប្រជាពលរដ្ឋមួយគ្រួសារកំពុងតែបើកបរម៉ូតូលើដងផ្លូវសុខៗ ស្រាប់តែរលំដើមឈើមួយដើមមកសង្កត់ពីលើតែម្តង បណ្តាលឱ្យរងរបួសចំនួន៥នាក់ ហើយត្រូវបានបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៦និង១៥នាទីល្ងាច ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិអូរឬស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះទាំង៥នាក់ខាងលើ រួចមាន១-ឈ្មោះ ហុង វេត ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកសិករ (អ្នកបើកម៉ូតូ) រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1R 3328 (រងរបួសស្រាល) ។ ២- ឈ្មោះ ឆាត ស្រីល័ក្ខ ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួសស្រាល) ៣- ឈ្មោះ អាត់ ប្រុសអែ ភេទប្រុស អាយុ១១ឆ្នាំ (រងរបួសស្រាល) ៤- ឈ្មោះ រ៉ា យូរី ភេទស្រី អាយុ៦ឆ្នាំ (រងរបួសស្រាល) និង៥- ឈ្មោះ អាត់ ស្រីអៃ ភេទស្រី អាយុ៤ ឆ្នាំ (រងរបួសស្រាល) ជនរងគ្រោះទាំង៤នាក់ ជាអ្នករួមដំណើរ។

សេចក្តីរាយការណ៍បន្តថា មុនពេលកើតហេតុ ជនរងគ្រោះមួយគ្រួសារមានចំនួន៥នាក់បានជិះម៉ូតូឌុបគ្នាចេញចំការដោយធ្វើដំណើរពីកើតទៅលិច ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ លុះពេលជិះដល់ពាក់កណ្តាលផ្លូវ ស្រាប់តែត្រូវដើមឈើមួយដើមរលំសង្កត់ពីលើជនរងគ្រោះទាំង៥នាក់ បណ្តាលឱ្យរងបួសតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ហើយក៏ប្រគល់ម៉ូតូរបស់ជនរងគ្រោះទៅឱ្យសាច់ញាតិវិញ ដើម្បីមកទទួលយកទៅជួសជុលចំណែកជនរងគ្រោះទាំង៥នាក់ត្រូវបានបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យផងដែរ ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram