សុខា អត់លុយដើរលេងអុំទូកបែកគំនិតមួយ ត្រូវសមត្ថកិច្ចចាប់ខ្លួន
ខេត្តត្បូងឃ្មុំ ៖ អ្នកលេងបណ្តាញសង្គម TikTok ភាគច្រើនស្គាល់ហើយ តារាមួយដួងដែលមានឈ្មោះ ថា ថន សុខា ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងសួង ខេត្តត្បូងឃ្មុំ ចាប់ខ្លួនពាក់ព័ន្ធពីបទ.លួច (លួចទូរស័ព្ទដៃ១គ្រឿង) ។
ហើយកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ នៅចំណុចភូមិជ្រួយ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ គឺមានករណីចោរលួចទូរស័ព្ទដៃមួយគ្រឿង បង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ ថន សុខា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជ្រួយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។ ចំណែកជនរងគ្រោះក្នុងអំពើលួចនេះមានឈ្មោះ រ៉ុម ស្រីពៅ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ លក់ដូរ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន និងពាក្យបណ្តឹងរបស់ជនរងគ្រោះភ្លាម នគរបាលជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសួង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង ចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ រួចនាំទៅកាន់អធិការដ្ឋាននគរបាលក្រុងសួង ដើម្បីធ្វើការសាកសួរ ។
ទីបំផុត តារា Tik Tok ថន សុខា បានសារភាពនៅចំពោះមុខសមត្ថកិច្ច និងទទួលស្គាល់ការពិតថា ដោយសារមូលហេតុអត់លុយដើរលេងពិធីបុណ្យអុំទូក ។
ដោយយោងទៅលើពាក្យបណ្តឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យស៊ីសង្វាក់ពាក់ព័ន្ធនឹងបទល្មើស សមត្ថកិច្ចក៏បានកសាងសំណុំរឿង រួចបញ្ជូនជនសង្ស័យទៅសាលាដំបូងចាត់ការតាមនីតិវិធី ៕




