សហព័ន្ធតេន្នីសបេឡារុស៖ ការហាមឃាត់របស់ Wimbledon នឹងញុះញង់ឲ្យមានសេចក្តីស្អប់ខ្ពើមខ្លាំង
(មីនស៍)៖ ការសម្រេចហាមឃាត់កីឡាកររុស្ស៊ី និងបេឡារុស ពីការចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍តេន្នីស Wimbledon ពាក់ព័ន្ធនឹងការឈ្លានពានរបស់ទីក្រុង Moscow លើប្រទេសអ៊ុយក្រែននោះ នឹងញុះញង់ឲ្យមានសេចក្តីស្អប់ខ្ពើមខ្លាំង និងមិនអាចអត់ឱនឲ្យបាន, នេះបើតាមការលើកឡើង របស់សហព័ន្ធកីឡាតេន្នីសបេឡារុស (BTF), សហព័ន្ធបន្ថែមថា ពួកគេបាននឹងកំពុងស្វែងរកការណែនាំផ្នែកច្បាប់ ទៅលើការហាមឃាត់នេះ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ។

អ្នករៀបចំព្រឹត្តិការណ៍ Wimbledon បានប្រកាសនៅថ្ងៃពុធថា កីឡាករសញ្ជាតរុស្ស៊ី និងបេឡារុស ត្រូវបានហាមឃាត់ ពីការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ នាឆ្នាំនេះ។ បេឡារុស គឺជាតំបន់សំខាន់មួយ សម្រាប់ការឈ្លានពាន ដែលរុស្ស៊ីបានហៅថា “ប្រតិបត្តិការយោធាពិសេស” មួយ។
“សហព័ន្ធកីឡាតេន្នីសបេឡារុស ថ្កោលទោសចំពោះការសម្រេច របស់អ្នករៀបចំព្រឹត្តិការណ៍ Wimbledon ដែលបានហាមឃាត់កីឡាករតេន្នីសបេឡារុស និងរុស្ស៊ី”, BTF បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។ “សកម្មភាពបំផ្លេចបំផ្លាញបែបនេះ គ្មានផ្លូវក្នុងការដោះស្រាយជម្លោះនោះទេ ប៉ុន្តែមានតែញុះញង់ឲ្យមានសេចក្តីស្អប់ខ្ពើម និងមិនអាចអត់ឱនឲ្យបាន លើមូលដ្ឋានជនជាតិ”។
ការសម្រេចនេះ មានន័យថា កីឡាករសញ្ជាតបេឡារុស ក្នុងនោះរួមទាំង កីឡាការិនីលំដាប់ថ្នាក់ទី៤ លើពិភពលោក Aryna Sabalenka និងម្ចាស់ពានរង្វាន់ជើងឯក Grand Slam ២លើក កីឡាការិនី Victoria Azarenka នឹងមិនអាចចូលរួមប្រកួត នៅក្នុងព្រឹត្តិការណ៍ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដាខាងមុខបានទេ៕




