FINA ផ្អាកម្ចាស់ពានរង្វាន់ជើងឯក Olympic កីឡាករ Rylov រយៈពេល៩ខែ ពីបទគាំទ្រលោក Putin

(ឡុងដ៍)៖ ស្ថាប័នគ្រប់គ្រងកីឡាហែលទឹកពិភពលោក FINA បានលើកឡើងនៅថ្ងៃសុក្រនេះថា ខ្លួនបានផ្អាកកីឡាករម្ចាស់មេដាយមាស Olympic សញ្ជាតរុស្ស៊ី Evgeny Rylov ពីការចូលរួមប្រកួតរយៈពេល៩ខែ បន្ទាប់ពីលោកបានចូលរួមក្នុងការជួបជុំមួយ នៅទីក្រុងម៉ូស្គូ ក្នុងការគាំទ្រយុទ្ធនាការយោធារបស់រុស្ស៊ី នៅប្រទេសអ៊ុយក្រែន, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ។


កីឡាករ Rylov, ដែលបានឈ្នះមេដាយមាស ក្នុងវិញ្ញាសាហែលត្រឡប់ក្រោយ នៅឯព្រឹត្តិការណ៍ Tokyo Olympics កាលពីឆ្នាំមុននោះ, បានស្ថិតក្នុងចំណោមកីឡាករជាច្រើនរូប ដែលបានចូលរួមក្នុងការជួបជុំដ៏ធំមួយ នៅពហុកីឡដ្ឋាន Luzhniki នាទីក្រុងម៉ូស្គូ កាលពីខែមុន ដែលដឹកនាំដោយលោកប្រធានាធិបតី Vladimir Putin។
Rylov និងអត្តពលិកដទៃទៀត បានពាក់សម្លៀកបំពាក់ មានអក្សរ “Z” នៅលើនោះ, ជាសញ្ញាសម្គាល់មួយដែលប្រើប្រាស់ ដោយក្រុមអ្នកគាំទ្រ នូវអ្វីដែលរុស្ស៊ីបានហៅថា “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន។
FINA បានលើកឡើងថា ការផ្អាកនេះបានធ្វើឡើង “បន្ទាប់ពីការចូលរួមរបស់លោក Rylov និងការប្រព្រឹត្តិនៅឯព្រឹត្តិការណ៍ ដែលធ្វើឡើងនៅពហុកីឡដ្ឋាន Luzhniki Stadium ក្នុងទីក្រុងម៉ូស្គូ”។
ភ្លាមៗនេះ មិនមានការប្រតិកម្មពីកីឡាករ Rylov នោះទេ ខណៈលោកក៏បានបាត់បង់កិច្ចព្រមព្រៀងឧបត្ថម្ភរបស់លោក ជាមួយនឹងក្រុមហ៊ុនផលិតសម្លៀកបំពាក់ហែលទឹក Speedo ផងដែរ ដោយសារតែវត្តមានរបស់លោក នៅឯការជួបជុំនោះ។
FINA បានលុបចោលរួចរាល់ហើយ នូវព្រឹត្តិការណ៍ទាំងអស់របស់ខ្លួន ដែលគ្រោងនឹងធ្វើឡើងនៅរុស្ស៊ី និងបានហាមឃាត់អត្តពលិករុស្ស៊ី និងបេឡារុស និងក្រុមមន្ត្រី ពីការចូលរួមក្នុងការប្រកួតរបស់ខ្លួន រហូតដល់ដាច់ឆ្នាំនេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram