CAMSOC ស្រាយកង្វល់បញ្ហាទីលាន ក្រោយកំណត់ផែនការច្បាស់លាស់តាមប្រភេទកីឡានីមួយៗ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានស្រាយកង្វល់មួយជំហានទៀតហើយ ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាទីលាន បន្ទាប់ពីមានការជជែក និងកំណត់ផែនការច្បាស់លាស់ អំពីទីតាំងប្រកួតតាមប្រភេទកីឡានីមួយៗ។


នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក្រោយចប់កិច្ចប្រជុំសប្ដាហ៍ ជាមួយគណៈកម្មការទីលានប្រកួត និងគណៈកម្មការកីឡា និងបទប្បញ្ញត្ដិ ដឹកនាំដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC នៅថ្ងៃទី២២ ខែមេសានេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបញ្ជាក់ថា កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ អនុវត្តតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដើម្បីជំរុញគ្រប់គណៈកម្មការជំនាញ និងភាគីពាក់ព័ន្ធ ធ្វើសុក្រិត្យកម្មលើបញ្ហាប្រឈមរបស់ខ្លួន ដើម្បីរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមទាំងនោះឲ្យទាន់ពេលវេលា និងឆ្ពោះទៅរកភាពជោគជ័យនាឆ្នាំ២០២៣។
លោក វ៉ាត់ ចំរើន បានថ្លែងថា «អ្វីដែលសំខាន់ គឺលោកបណ្ឌិត ថោង ខុន បានសង្កត់ធ្ងន់លើការរៀបចំបច្ចេកទេសនៃទីលានប្រកួតនីមួយៗ។ បន្ទាប់ពីយើងទទួលបានការធ្វើបទបង្ហាញពីជំនាញការ អំពីទីតាំង និងពេលវេលានៃទីលានប្រកួតនីមួយៗច្បាស់លាស់រួចរាល់ហើយនោះ គឺយើងបានកំណត់ថា ទីតាំងណាជារបស់យើង ត្រូវជួសជុលកែលម្អ ហើយទីតាំងណាខ្លះទៀត ដែលជារបស់វិស័យឯកជន ត្រូវរក្សាទុកសម្រាប់ការប្រកួតឲ្យបានរួចរាល់»។
លោកថា ជារួមគ្រប់សមាសភាពពាក់ព័ន្ធបានឯកភាពក្នុងការរៀបចំក្រុមការងារចំពោះកិច្ចពិសេសមួយ សម្រាប់ធ្វើកិច្ចការបច្ចេកទេសរៀបចំទាំងអស់។ សំខាន់ គឺសំណង់រឹង ដែលត្រូវជួសជុលកែលម្អឲ្យទាន់ពេលវេលា ជាមួយនឹងការគាំទ្រផ្នែកថវិកាឲ្យបានគ្រប់គ្រាន់។ ក្នុងនោះប្រធានគណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់ CAMSOC ក៏បានអះអាង អំពីការផ្តត់ផ្គង់ថវិកាសម្រាប់ការជួសជុលការកែលម្អនេះ ទៅតាមនីតិវិធី និងទន់ភ្លន់តាមលំដាប់លំដោយឲ្យបានរលូនផងដែរ ដ្បិតការរៀបចំ និងការចំណាយឆ្នាំនេះ ច្រៀងជាងឆ្នាំ២០២៣។
«កិច្ចប្រជុំថ្ងៃនេះ មានលទ្ធផលល្អ មានភាពកក់ក្តៅ ហើយបណ្ឌិត ថោង ខុន បានថ្លែងថា យើងបានស្រាយនូវក្តីកង្វល់ ក្តីបារម្ភ ការដេកមិនលក់របស់យើងទាំងអស់គ្នាឃើញថា យើងមានផែនការល្អហើយ មានការរៀបចំល្អហើយ អ៊ីចឹងជំនាញត្រូវនាំគ្នាធ្វើការ គឺយើងនឹងទទួលបានលទ្ធផលល្អទៅតាមការគ្រោងទុក ក្នុងនាមម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកដំបូង នាឆ្នាំ២០២៣»។ លោក វ៉ាត់ ចំរើន បន្ថែម៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram