Tiffy Army រងពិន័យប្រកួតគ្មានអ្នកទស្សនា ក្នុងជំនួបទល់នឹងវិសាខាថ្ងៃនេះ
(ភ្នំពេញ)៖ គណៈកម្មការវិន័យ និងគណៈកម្មការឧទ្ធរណ៍ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសពិន័យសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army) មិនអនុញ្ញាតឲ្យមានទស្សនិកជនចូលទស្សនាផ្ទាល់នៅកីឡដ្ឋានស្ដាតចាស់ ក្នុងជំនួបជាមួយក្រុមវិសាខា នៃពានរង្វាន់ Cambodian Premier League នាល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ ស្អែកនេះឡើយ។

យោងតាមក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានបញ្ជាក់ថា ការសម្រេចពិន័យក្រុមកងយោធពលខេមរភូមិន្ទ ខាងលើ បន្ទាប់ពីក្រុមអ្នកគាំទ្រ Ultra Army ស្រែកជេរប្រមាថចំពោះមន្ដ្រីការប្រកួត។ ដូច្នេះគណៈកម្មការវិន័យ និងគណៈកម្មការឧទ្ធរណ៍របស់សហព័ន្ធ ក៏បានសម្រេចពិន័យក្រុមនេះ ដោយមិនឲ្យមានទស្សនិកជនចូលទស្សនាពេលធ្វើម្ចាស់ផ្ទះ និងពិន័យជាប្រាក់ ១លានរៀលទៀតផង។
ដូច្នេះក្រុម Tiffy Army គឺជាក្រុមដំបូង ដែលទទួលបានការពិន័យប្រកួតគ្មានអ្នកទស្សនាផ្ទាល់ ក្នុងក្របខណ្ឌ CLP ឆ្នាំ២០២២ ដោយពួកគេនឹងត្រូវបើកទ្វារផ្ទះទទួលក្រុមវិសាខា ក្នុងសប្ដាហ៍ទី៦ នាវេលាម៉ោង ៦៖៣០នាទីល្ងាចស្អែកនេះ នៅកីឡដ្ឋានស្ដាតចាស់។ បច្ចុប្បន្ន Tiffy Army កំពុងឈរលេខ៧ និងមាន ៤ពិន្ទុ ខណៈវិសាខា ឈរលេខ៤ និងមាន ៧ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៥ប្រកួតដូចគ្នា៕



