អ្នកនាងស្រីអូន និងស្វាមី ចំណាយលុយជិត២០ម៉ឺនដុល្លារ រៀបចំកម្មវិធីសង្ក្រាន្ដពីរកន្លែង ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី

(ភ្នំពេញ)៖ រយៈពេល២ឆ្នាំមកហើយ ដែលប្រជាពលរដ្ឋខ្មែរខកខានការចូលរួមលេងសប្បាយ ជាមួយពិធីបុណ្យចូលឆ្នាំខ្មែរ ដោយសារតែជំងឺកូវីដ១៩។ ប៉ុន្តែបន្ទាប់ពីមានការបើកភ្លើងខៀវពីរាជរដ្ឋាភិបាល ស្រីអូន សម្រស់ធម្មជាតិ និងស្វាមី បានបង្កើតកម្មវិធីសង្រ្កាន្ត២កន្លែងព្រមគ្នាក្នុងពេលតែមួយ ដែលប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ នៅក្នុងគម្រោង បុរី បុស្បា និងមួយទៀត គឺនៅទំនប់ពាមល្វា ជើងភ្នំឱរ៉ាល់។


សង្រ្កាន្តទី១ គឺមានឈ្មោះថា «សង្ក្រាន្ដម្លប់ឆ័ត្របុស្បា» ដែលធ្វើឡើងនៅថ្ងៃទី៩-១០ ខែមេសា ក្នុងទីតាំងរបស់បុរីបុស្បាផ្ទាល់ ដែលស្ថិតក្នុងភូមិត្រពាំងចាក សង្កាត់ព្រៃវែងខាងលិច ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សង្រ្កាន្តម្លប់ឆ័ត្រនេះមានលក្ខណៈពិសេសខុសពីគេដាច់តែម្តង ព្រោះវាមានអត្ថន័យចង់សំដៅទៅលើការយកឆ័ត្រមកគ្រង ជាម្លប់ត្រជាក់ត្រជុំសម្រាប់ប្រជាជនខ្មែរនាខែចូលឆ្នាំថ្មីនេះ ក្នុងនោះទៀតសោត ចំពោះការតុបតែងក្នុងកម្មវិធីទាំងមូលវិញ គឺមានការលម្អទៅដោយឆ័ត្រចម្រុះពណ៌គួរជាទីទាក់ភ្នែក ហែរហមតាមដងផ្លូវចូល ហើយក៏មានឆ័ត្រយក្សដ៏ធំផងដែរនៅក្នុងទីលាននៃកម្មវិធីទាំងមូល។
ក្នុងកម្មវិធីដែរ មានវត្តមានសិល្បករ សិល្បការិនី ជើងចាស់ រួមនឹងតារាល្បីៗជាច្រើនរូបចូលរួមដូចជា៖ លោកស្រី ហឹម ស៊ីវន, លោក ណយ វណ្ណេត, លោក សុស ម៉ាច, កញ្ញា មាស សុខសោភា, លោក ដួង វិរៈសិទ្ធ, លោក ជីដេវីត និងកញ្ញា ទេពបូព្រឹក, នាយចឺម, ថម, បាលី, អាតី វៃម៉ាលុយ និងតារានៅក្នុងផលិតកម្មជាច្រើននាក់ទៀតផងដែរ។ ក្រៅពីនោះក៏មានការលេងល្បែងប្រជាប្រិយខ្មែរ និងកម្មវិធីកម្សាន្តប្លែកៗជាច្រើនផងដែរ។
ចំណែកសង្រ្កាន្តទី២ វិញគឺមានឈ្មោះថា «បៃតងសង្រ្កាន្ត» ដែលធ្វើឡើងនៅថ្ងៃទី០៨-០៩-១០ នៅក្នុងភូមិទំនប់ពាមល្វា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ (ភ្នំឱរ៉ាល់) ដែលផ្តួចផ្តើមគំនិតដោយ លោក តាន់ គឹមសួរ ជាអ្នកដឹកនាំក្នុងកិច្ចការងារនេះ រួមជាមួយក្រុមយុវជនស្ម័គ្រចិត្ត ព្រមជាមួយ ប្រជាជនក្នុងតំបន់ផងដែរ។
សង្រ្កាន្តមួយនេះ គឺធ្វើការផ្សាភ្ជាប់ទៅនឹងការដាំដុះកូនឈើមួយលានដើមនាឆ្នាំមុន ដែលស្រីអូន ជាមួយស្វាមី ក៏ដូចជាក្រុមការងារបាននាំគ្នាចុះទៅបាចគ្រាប់ពូជកូនឈើ ដោយប្រើឧត្ថម្ភាទ្ធចក្រក្នុងយុទ្ធនាការ «រួមគ្នាដើម្បីព្យាបាលដំបៅផែនដី»។
កម្មវិធី «បៃតង សង្រ្កាន្ត» ក៏នឹងមានការបង្ហាញពីកម្មវិធីវប្បធម៌ខ្មែរ ជាច្រើនដូចជា របាំខ្មែរ, ល្ខោនខោល, ល្បុក្កតោ និងល្បែងប្រជាប្រិយផ្សេងៗ ការលក់ម្ហូបអាហារឆ្ងាញ់ៗ បែបជនបទ ការជួបជុំរាំលេងសប្បាយជាមួយអ្នកភូមិ និងមានការចូលរួមពីសិល្បករ សិល្បការិនី តារាល្បីៗរួមមាន៖ លោក ពាក់មី, លោក ខាន់ ជេម៍, លោក ប៉ែន ចំរ៉ុង, លោក ញ៉ែម សំអូន, លោក ម៉ាដូណា, លោក អេឡិច ហ្សូរ៉ា, លោក សាយ សៀរ៉ា, កញ្ញា សុភ័ក្ត្រ កុសុមៈ, កញ្ញា ឈិន ម៉ានិច, កញ្ញា នី មុន្នីនាថ, កញ្ញា ជីជី, កញ្ញាពេជ្រចរណៃ និងតារាស្ម័គ្រចិត្តជាច្រើនរូបទៀត។
សូមជម្រាបថា កម្មវិធី «បៃតង សង្ក្រាន្ត» នេះត្រូវបានចំណាយថវិកាអស់ខ្ទង់ប្រមាណជិត១០ម៉ឺនដុល្លារ និងត្រូវបានសហការជាមួយក្រសួងពាក់ព័ន្ធជាច្រើនស្ថាប័នដូចជា ក្រសួងបរិស្ថាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តកំពង់ស្ពឺ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram