Rihanna ក្លាយជាអ្នកតន្ត្រីនារី មានបំផុតលើពិភពលោក និងប្រចាំប្រទេសកំណើត ក្រោយទស្សនាវដ្តី Forbes ចេញបញ្ជីឈ្មោះមហាសេដ្ឋី ប្រចាំឆ្នាំ២០២២ ជាផ្លូវការ
(អាមេរិក)៖ តារាសិល្បៈក្នុងវិស័យតន្ត្រីដូចជា Rihanna, Jay-Z, និង Kanye West ជាដើមនោះ បានជាប់ឈ្មោះ ក្នុងបញ្ជីមហាសេដ្ឋីប្រចាំឆ្នាំ២០២២ របស់ទស្សនាវដ្តី Forbes។ ក្នុងចំណោមនោះ តារាចម្រៀង Rihanna បានជាប់ឈ្មោះក្នុងបញ្ជីមហាសេដ្ឋីនេះ ជាមួយទ្រព្យសម្បត្តិសុទ្ធចំនួន ១.៧ពាន់លានដុល្លារ ដែលមិនត្រឹមតែធ្វើឲ្យនាងជាប់ឈ្មោះជា អ្នកតន្ត្រីនារីដែលមានបំផុតនោះទេ គឺថែមទាំងជាមនុស្សមានបំផុត ក្នុងប្រទេសបាបាដូស ដែលជាទឹកដីកំណើតរបស់នាងផងដែរ។

បើតាមការចេញផ្សាយ ដោយសារព័ត៌មាន Guardian បានឲ្យដឹងថា ក្រុមហ៊ុនដែល Rihanna ជាសហកម្មសិទ្ធិជាមួយ គឺ LVMH តាមសេចក្តីរាយការណ៍ថា បានប្រមូលប្រាក់ចំណូលជាង ៥៥០លានដុល្លារ ក្នុងឆ្នាំ២០២០។ Rihanna ម្ចាស់បទ «Diamonds» ត្រូវបានគេសន្និដ្ឋានថា ភាគច្រើននៃទ្រព្យសម្បត្តិរបស់នាង ពោលគឺចំនួន ១.៤ពាន់លានដុល្លារ បានមកពីភាគហ៊ុន៥០% ដែលនាងមានក្នុង ហាងលក់គ្រឿងសំអាងប្រេន Fenty របស់នាង ខណៈទ្រព្យសម្បត្តិដ៏ច្រើន ផ្សេងទៀត គឺបានមកពីហាងលក់ខោអាវទ្រនាប់ប្រេន Savage X Fenty។
ងាកមកតារាផ្សេងទៀត គឺ Kanye West ក៏បានចូលក្នុងបញ្ជីមហាសេដ្ឋីដែរ ដោយឈរនៅលេខរៀងទី១៥១៣ ជាមួយទ្រព្យសម្បត្តិសុទ្ធ ២ពាន់លានដុល្លារ ខណៈ Jay X ឈរនៅលេខរៀង ២០៧៦ ជាមួយទ្រព្យសម្បត្តិសុទ្ធ ១.៤ពាន់លានដុល្លារ។
គួរជម្រាបថា ក្នុងបញ្ជីឈ្មោះកំពូលមហាសេដ្ឋីលំដាប់ពិភពលោក ប្រចាំឆ្នាំ២០២២ គឺមានចំនួនមហាសេដ្ឋីសរុបចំនួន ២,៦៦៨នាក់ ហើយទ្រព្យសម្បត្តិសរុប របស់មហាសេដ្ឋីទាំងអស់ គឺមានចំនួន ១២,៧ទ្រីលានដុល្លារ។ លោក Elon Musk នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla និង Space X បានឈរនៅកំពូលតារាង ក្នុងនាមកំពូលមហាសេដ្ឋីទី១ មានទ្រព្យសម្បត្តិច្រើនជាងគេបំផុត រហូតដល់ ២១៩ពាន់លានដុល្លារ៕




