ជនសង្ស័យ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ លើអតីតកីឡាករបាល់ឱបអាហ្សង់ទីន នៅទីក្រុងប៉ារីស
(ប៉ារីស)៖ បុរសសញ្ជាតបារាំង Loik Le Priol ត្រូវបានចាប់ខ្លួន នៅប្រទេសហុងគ្រី ពីបទជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម នៅទីក្រុង Paris កាលពីចុងសប្តាហ៍មុន លើអតីតកីឡាករបាល់ឱប លំដាប់អន្តរជាតិរបស់អាហ្សង់ទីន Federico Aramburu, នេះបើតាមការអះអាង ពីការិយាល័យព្រះរាជអាជ្ញា ទីក្រុង Paris ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ។

“ខ្ញុំអះអាងថា ជនសង្ស័យ Loik Le Priol ត្រូវបានចាប់ខ្លួន កាលពីយប់មិញ នៅហុងគ្រី”, នេះបើតាមប្រភពបានលើកឡើង បន្ទាប់ពីសារព័ត៌មានបារាំង បានចុះផ្សាយថា ជនសង្ស័យ Le Priol ត្រូវបានចាប់ខ្លួន។
សូមរំលឹកថា លោក Aramburu ត្រូវបានគេបាញ់សម្លាប់ កាលពីចុងសប្តាហ៍មុន នៅតំបន់ផ្សារតាមបណ្តោយផ្លូវ Boulevard Saint Germain របស់បារាំង បន្ទាប់ពីមានជម្លោះ នៅក្នុងបាររាត្រី។
អតីតកីឡាររូបនេះ បានជាប់លេងឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន ចំនួន២២លើក និងធ្លាប់លេងឲ្យក្លិបបារាំង ដូចជាក្លិប Biarritz និងក្លិប Perpignan ផងដែរ៕


