ខ្សែបម្រើស្លាប Everton កីឡាករ Townsend រងរបួសសរសៃពួរសាច់ដុំក្បាលជង្គង់ ត្រូវសម្រាករហូតចប់រដូវកាល
(ឡុងដ៍)៖ ខ្សែបម្រើស្លាបរបស់ក្លិប Everton កីឡាករ Andros Townsend នឹងអវត្តមានពីការប្រកួតរហូតចប់រដូវកាលនេះ បន្ទាប់ពីរងរបួសសរសៃពួរសាច់ដុំក្បាលជង្គង់ (ACL) នៅក្នុងការប្រកួតពាន FA Cup ចាញ់ក្រុម Crystal Palace។ នេះបើតាមការអះអាងពីក្លិបលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។

Townsend ដែលបានបង្ខំចិត្តចាកចេញពីទីលាន បន្ទាប់ពីប្រកួតបាន ១៦នាទី ក្នុងអំឡុងពេលក្រុមស្ករគ្រាប់ចាញ់ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃអាទិត្យ ក្រោមថ្វីជើងរបស់ Palace ដែលលោកធ្លាប់បានលេងនោះ នឹងត្រូវធ្វើការវះកាត់នៅសប្តាហ៍ក្រោយ។ នេះបើតាមក្លិប Everton បានបន្ថែម។
កីឡាករវ័យ ៣០ឆ្នាំរូបនេះបានបង្ហាញខ្លួន ២៧ប្រកួតនៅក្នុងការប្រកួតទាំងអស់ និងបានស៊ុតបញ្ចូលទី ៧គ្រាប់ក្នុងរដូវកាលនេះ ចាប់តាំងពីចូលរួមជាមួយក្លិប Everton កាលពីខែកក្កដាឆ្នាំមុន។
អតីតកីឡាករលំដាប់អន្តរជាតិរបស់អង់គ្លេស Townsend បានចូលរួមជាមួយក្លិប Everton លើកិច្ចសន្យារយៈពេល ២ឆ្នាំ បន្ទាប់ពីចំណាយពេល ៥ឆ្នាំ លេងនៅក្លិប Palace។
សូមជម្រាបថា Everton កំពុងឈរនៅលំដាប់ទី១៧ ក្នុងតារាង Premier League មាន ២៥ពិន្ទុពី ២៧ប្រកួត។ ពួកគេនឹងបន្តចាប់ផ្តើមប្រកួតវិញ ដោយត្រូវប៉ះក្រុម West Ham United នៅថ្ងៃទី៣ ខែមេសាខាងមុខ បន្ទាប់ពីលីគសម្រាក៕


