ក្តៅៗ! កីឡាការិនីវាយកូនបាល់លំដាប់ទី១ ពិភពលោក Barty ប្រកាលចូលនិវត្តន៍ ត្រឹមវ័យ ២៥ឆ្នាំ
(ស៊ីដនី)៖ កីឡាការិនី Ashleigh Barty បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងពេញពិភពលោក បន្ទាប់ពីរូបនាងប្រកាសចូលនិវត្តន៍ពីអាជីពកីឡាវាយកូនបាល់ (Tennis) ទាំងដែលកំពុងឈរលេខរៀងទី ១ពិភពលោក ត្រឹមវ័យ ២៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

នាង Ashleigh Barty មានសញ្ជាតិអូស្ត្រាលី បានជាប់លេខរៀងទី១ ពិភពលោកចាប់តាំងពីឆ្នាំ២០១៩ បានបង្ហាញនៅលើបណ្តាញសង្គមដោយលើកឡើងថា «នេះជាការចាកចេញ ដើម្បីរកក្តីសុបិនផ្សេងទៀត» ខណៈនាងទើបឈ្នះពានរង្វាន់ Australian Open 2022 កាលពីខែមករាថ្មីៗនេះផងដែរ។
គួររំលឹកផងថា មុនឈានដល់ការប្រកាសចូលនិវត្តន៍នេះ Ashleigh Barty នាងដណ្តើមបានពានឯកត្តជនធំៗកម្រិត Grand Slam ចំនួន ៣ផ្សេងគ្នាមានទាំងពាន Australian Open 2022, French Open 2019 និង Wimbledon 2021 ហើយទទួលបានចំណាត់ថ្នាក់លេខ៤ ពាន US Open ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ជាមួយការឈ្នះពានកម្រិត (Tournaments) Tour Final 2019។
នៅឆ្នាំ២០១៨ រូបនាងក៏ឈ្នះពាន US Open នៃកម្រិតជាក្រុម ហើយក៏ជាអត្តពលិកម្នាក់ដណ្តើមបានមេដាយសំរឹទ្ធនៅព្រឹត្តិការណ៍ Tokyo 2020 នៃកម្រិតប្រកួតជាក្រុមបុរស និងនារីផងដែរ ហើយក្នុងអាជីពរបស់ Ashleigh Barty រកបានជ័យជម្នះ ៦១លើកកម្រិតឯកត្តជន និងកម្រិតជាក្រុមឈ្នះ ៥៣លើក ហើយនាងបានក្លាយជាបុគ្គលម្នាក់ដំបូងគេដែលបានឈ្នះពាន Australian Open ក្នុងទឹកដីអូស្រ្តាលី ចុងក្រោយមិនថាផ្នែកបុរស និងនារីនៃរយៈពេល ៤៤ឆ្នាំមកនេះ៕




