ជម្រើសជាតិប្រដាល់សកលកម្ពុជា ៣រូប នឹងចេញទៅហ្វឹកហាត់ និងប្រកួតនៅថៃចុងខែនេះ

(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងបញ្ជូនកីឡាករជម្រើសជាតិ ៣រូបទៅបោះជំរំហ្វឹកហាត់ និងចូលរួមប្រកួតលក្ខណៈអន្ដរជាតិ នៅប្រទេសថៃចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃទី១០ ខែមេសាខាងមុខ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសត្រៀមការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាមនាខែឧសភា ឆ្នាំ២០២២។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា បេក្ខភាពកីឡាករ ៣រូប ដែលត្រូវចេញទៅហ្វឹកហាត់ក្រៅស្រុកនេះ រួមមានកីឡាករ សៅ រង្ស៊ី (ទម្ងន់ ៥៧គីឡូក្រាម) កីឡាករ ទូច ដេវីត (ទម្ងន់ ៦០គីឡូក្រាម) និងកីឡាករ វី សុភ័ស (ទម្ងន់ ៦៩គីឡូក្រាម) ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកម្នាក់ គឺលោក ជ័យ ណារ៉ា។ ការបោះជំរំហ្វឹកហាត់នេះ មានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៦-៣១ ខែមីនា ឆ្នាំ២០២២។


បន្ទាប់ពីបញ្ចប់ការហ្វឹកហាត់ កីឡាករជម្រើសជាតិកម្ពុជាទាំង ៣រូបនឹងបន្ដចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ Thailand Open International Boxing Tournament 2022 នៅខេត្ត Phuket ប្រទេសថៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១០ ខែមេសា ជាមួយកីឡាករម្ចាស់ផ្ទះ ក៏ដូចជាបណ្ដាប្រទេសផ្សេងៗ ដែលបានចូលរួមបោះជំរំហ្វឹកហាត់នៅប្រទេសថៃ។ នេះបើតាមការបញ្ជាក់របស់អគ្គលេខាធិការសហព័ន្ធខាងលើ។
លោកបន្ដថា «ការចូលរួមបោះជំរុំហ្វឹកហាត់ និងប្រកួតនៅថៃនេះ គឺជាឱកាសដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិប្រដាល់សកលក្នុងការពង្រឹង និងវាស់វែងកម្រិតបច្ចេកទេសរបស់ពួកគេ ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម ដែលកីឡាប្រដាល់សកល នឹងធ្វើការប្រកួតពីថ្ងៃទី១៦-២២ ខែខែឧសភា នៅខេត្ត Bac Ninh ប្រទេសវៀតណាម»។
សម្រាប់ការបោះជំរំហ្វឹកហាត់ និងប្រកួតនៅថៃនេះដែរ ម្ចាស់ផ្ទះថៃបានឧបត្ថម្ភសំបុត្រយន្ដហោះ ការហូបចុក និងស្នាក់នៅ។ រីឯអនុប្រធានសហព័ន្ធលោក ខេស៊ី បាណេត បានឧបត្ថម្ភថ្លៃទិដ្ឋាការ ទិញធានារ៉ាប់រង ធ្វើតេស្ដ PCR និងពិនិត្យសុខភាពសម្រាប់កីឡាករចូលរួមការប្រកួត។ រីឯការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ សហព័ន្ធគ្រោងបញ្ជូនក្រុមជម្រើសជាតិ ៨រូបទៅចូលរួម គឺមានកីឡាករ ៦រូប និងកីឡាការិនី ២រូប៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram