សង្ស័យផ្ទុះអាវុធ២ គ្រាប់ក្នុងផ្ទះវីឡាមួយកន្លែង ទាំងកណ្ដាលរាត្រី ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍

ភ្នំពេញ: ស្នូរសំឡេងផ្ទុះអាវុធចំនួន២គ្រាប់ ចេញពីផ្ទះវីឡាមួយកន្លែងសង្ស័យករណីទំនាស់គ្នារឿងផឹកស៊ី បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង១២ និង ៤០ នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២២ នៅចំណុចផ្ទះវីឡាមួយកន្លែង តាមបណ្ដោយផ្លូវបេតុង ភូមិដំណាក់សង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឮសូរសំឡេងឈ្លោះប្រកែកគ្នាក្នុងផ្ទះកើតហេតុខាងលើ ដោយសង្ស័យផឹកស៊ីទាស់ពាក្យសំដីគ្នា លុះមកដល់ម៉ោងកើតហេតុខាងលើ គេឮស្នូរឡេងផ្ទុះអាវុធចំនួន២គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍និងសួរនាំនៅកន្លែងកើតហេតុភ្លាមៗផងដែរ។

ក្រោយកើតហេតុគេឃើញមានរថយន្តឡង់គ្រឺស័រពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខកម្ពុជា-V-8989-Vបើកចេញពីផ្ទះកន្លែងកើតហេតុខាងលើ មកចូលក្នុងបុរីពិភពថ្មី ក្បែរបុរីសូនី ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដោយគេដាក់ការសង្ស័យទៅលើរថយន្តខាងលើនោះ។ពាក់ព័ន្ធនឹងករណីផ្ទុះអាវុធចំនួន២គ្រាប់ខាងលើនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram