ក្រុមក្មេងស្ទាវ១ក្រុមប្រដាប់ដោយកាំបិត និ ងដុំថ្ម ដេញកាប់ និង គប់ទៅលើយុវជនម្នាក់ផ្អើលអស់ប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ៖បើយោងតាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោង១២៖៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានក្រុមក្មេងស្ទាវ១ក្រុមបានធ្វើសកម្មភាពជិះម៉ូតូចំនួន២គ្រឿង ម៉ាកហុងដាស្គុបពី ពណ៌ខ្មៅ១គ្រឿង និង ម៉ូតូម៉ាកហុងដា CD ពណ៌ខ្មៅ១គ្រឿង បានធ្វើសកម្មភាពយកកាំបិតប៉័ងតោ និង ដុំថ្មគប់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសដៃខាងឆ្វេង១កន្លែង និងបែកអាវម៉ូតូខាងស្ដាំ១កន្លែង បណ្ដាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ក្រោយពីធ្វើសកម្មភាពរួចក្រុមក្មេងស្ទាវបានបើកម៉ូតូរត់គេចខ្លួនបាត់អស់ ។ នេះបើតាមរបាយការណ៍ពីសមត្ថកិច្ច ដែល CPNS NEWS ទើបទទួលបាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នេះ ។


លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ចាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា លោកបានទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ និងដោយទទួលបាននូវពាក្យបណ្ដឹងពីជនរងគ្រោះផង លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយសួរនាំអំពីដំណើររឿងដែលបានកើតឡើងព្រមទាំងប្រមូលរាល់ភស្ដុតាង ដោយសហការជាមួយប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុដើម្បីយករូបភាពតាមរយ:កាមេរ៉ាសុវត្ថិភាពទើបឈានដល់កំណត់មុខសញ្ញាបាន ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបន្តទៀតថា ដោយផ្អែកលើរូបភាពកាមេរ៉ាសុវត្ថិភាព លោកបានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញក្រុមក្មេងស្ទាវនៅចំណុចតារាងបាល់តាកី ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ ពេលនោះកម្លាំងបានធ្វើប្រតិបត្តិការបង្ក្រាប តែក្រុមក្មេងស្ទាវដឹងខ្លួនទាន់ហើយរត់គេចខ្លួនអស់ បន្សល់ទុកនៅតែម៉ូតូ១គ្រឿងម៉ាកស្គុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1U-6386 ។

ករណីខាងលើនេះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណនៅតែបន្តធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៩៖៣០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ យូរ បញ្ញា ហៅខ្នារ ភេទប្រុស អាយុ១៩ឆ្នាំ នៅចំណុចផ្លូវចុះរោងចក្រទឹកស្អាត ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ រួមទាំងដកហូតម៉ូតូ១គ្រឿងម៉ាកហុងដាCD ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1V-4750 ដែលជាម៉ូតូជិះធ្វើសកម្មភាព ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ ។

ជនសង្ស័យរូបនេះ ក្រោយពីកម្លាំងជំនាញសាកសួររួចមក បានឆ្លើយសារភាពថា រូបគេមានគ្នាចំនួន៤នាក់
១/-គឺជារូបខ្លួន ឈ្មោះ យូរ បញ្ញា (ខ្នារ) ភេទប្រុស អាយុ១៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
២/-ឈ្មោះ អាំង ពុយរាំង (បារាំង) ភេទប្រុស អាយុប្រហែល១៧ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ/សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

៣/-ឈ្មោះ រ័ត្ន អាយុប្រហែល១៦ឆ្នាំ មិនស្គាល់លំនៅដ្ឋាន
៤/-មិនស្គាល់ឈ្មោះ ត្រូវជាមិត្តភ័ក្ររបស់ឈ្មោះ រ័ត្ន ពិតជាបានធ្វើសកម្មភាពជិះម៉ូតូដេញកាប់ និងគប់ដុំថ្មទៅលើជនរងគ្រោះឈ្មោះ ផេម ទីណា ភេទប្រុស ពិតប្រាកដមែន ដោយឈ្មោះ រ័ត្ន យកកាំបិតប៉័ងតោគប់ និងឈ្មោះ បារាំង បានគប់ដុំថ្ម ទៅលើឈ្មោះ ផេម ទីណា ផងដែរ ចំណែករូបជាអ្នកឌុបឈ្មោះ រ័ត្ន តែប៉ុណោះ ។

ដោយផ្អែកលើភស្ដុតាង និងចម្លើយសារភាព ព្រមទាំងផ្អែកលើពាក់បណ្ដឹងរបស់ជនរងគ្រោះ និងសាក្សី ដូច្នេះ ជនសង្ស័យត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ចំណែកជនដៃដល់និងបក្សពួកនៅសេសសល់កម្លាំងអាវុធហត្ថ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត ៕



