ឆ្មក់បង្ក្រាបក្លិបខារ៉ាអូខេ ឃាត់ខ្លួនជាង៤០នាក់ពពាក់ពពូនគ្នាតាមបន្ទប់ តែត្រូវគេបិទព័ត៌មាន

ខេត្តបាត់ដំបង ៖ ក្រុមអ្នកឈ្លក់វង្វេងនឹងថ្ងៃ១៤កុម្ភៈ មានទាំងប្រុស មានទាំងស្រីយ៉ាងតិចជាង៤០នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀ.ន នៃស្នងការខេត្តឆ្មក់ចូលទៅបង្ក្រាប កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ខណៈពេលដែលពពួកគេកំពុងតែពពាក់ពពូនគ្នានៅតាមបន្ទប់នៃក្លិបខារ៉ាអូខេមួយកន្លែង ដែលមានយីហោ ( ហាយក្លាស ) ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង តែព័ត៏មាននេះ ត្រូវបានសមត្ថកិច្ចបិទបាំងមិនផ្ដល់ព័ត៌មានដល់អ្នកសារព័ត៌មាននានាឡើយ។
ប្រភពខាងក្រៅរបងស្នងការខេត្ត បានឲ្យដឹងថា ក្លិបខារ៉ាអូខេនេះ គ្រប់គ្រងដោយថៅកែហាងកាត់សក់ ( រស្មីមុនីវង្ស ) ភ្ជាប់ជញ្ជាំងជាមួយនឹងក្លិបខារ៉ាអូខេ «ខេធីវីហាយក្លាស»។ ហើយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀ.នបានតាមដានក្លិបខារ៉ាអូខេមួយកន្លែងនេះតាំងពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីឃ្លាំមើលសកម្មភាពចេញ-ចូលរបស់ក្រុមយុវជនដែលឈ្លក់វង្វែងនឹងថ្ងៃ១៤កុម្ភៈ ដែលពួកគេមានផែនការណាត់គ្នាចូលប្រព្រឹត្តបទល្មើសនៅក្នុងក្លិបមួយនេះ។ ជាពិសេសប្រព្រឹត្តបទល្មើសគ្រឿងញៀ.ន និងអំពើអាណាចារ។ ប៉ុន្តែរហូតដល់វេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ទើបកម្លាំងជំនាញឆ្មក់ចូលបិទខ្ទប់ក្លិបខារ៉ាអូខេនេះ ខណៈដែលពួកក្រុមវង្វែងផ្ទះកំពុងសប្បាយជាមួយនឹងថ្នាំញៀ.នយ៉ាងវក់វីពេញបន្ទប់តែម្តង។
បើតាមប្រភពដដែលបានអះអាងថា ជាមួយនឹងការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួន មនុស្សប្រុស-ស្រីចំនួនជាង៤០នាក់ រាប់ទាំងថៅកែក្លិបផងដែរ ថែមទាំងដកហូតនូវវត្ថុតាងគ្រឿងញៀ.នមួយចំនួនធំទៀតផង។
លោក សុខ និមល ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀ.នមិនបានបដិសេធទេ ចំពោះកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនៅក្នុងក្លិបខារ៉ាអូខេ «ហាយក្លាស» ខាងលើនេះ។ ប៉ុន្តែលោកបានបដិសេធចំពោះការផ្ដល់ព័ត៌មានពិស្ដារដល់កោះសន្តិភាព នៅពេលសួរនាំនៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ។
លោក សុខ និមល បានប្រាប់ដោយសង្ខេបថា កម្លាំងការិយាល័យរបស់លោកពិតជាបានឆ្មក់ចូលបង្ក្រាបក្រុមជនវង្វេងផ្ទះនៅក្នុងក្លិបខារ៉ាអូខេ «ហាយក្លាស» មែន ។ ហើយលោកថា ថែមទាំងបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៤០នាក់ ជាមួយនឹងការរឹបអូសបាននូវវត្ថុតាងថ្នាំញៀ.នមួយចំនួនផងដែរ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអធ្យាស្រ័យ ចំពោះការផ្ដល់ព័ត៌មានលម្អិត ព្រោះខាងតុលាការមិនអនុញ្ញាតឲ្យខាងខ្ញុំផ្ដល់ព័ត៌មាននេះដល់អ្នកកាសែតទេ តែអ្នកកាសែតអាចចាំស្រង់ព័ត៌មានពីផេករបស់ស្នងការខេត្ត ដែលបានបង្ហោះជាសាធារណៈសិនទើបបាន»។


ចំពោះការអនុវត្តច្បាប់វិញ បើតាមលោកសុខ និមល បានប្រាប់យ៉ាងខ្លីថា ចំពោះនារីៗមួយចំនួនដែលស្ថិតក្នុងចំណោមក្រុមវង្វេងផ្ទះទាំងហ្វូងនោះ អាចត្រូវលោកព្រះរាជអាជ្ញាអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ រីឯអ្នកពាក់ព័ន្ធបទល្មើសមួយចំនួន លោកនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការជាមួយនឹងវត្ថុតាង ក្រោយបញ្ចប់ការសួរនាំ។
ជុំវិញការបិទបាំងព័ត៌មានខាងលើនេះ បានធ្វើឲ្យមានមតិជាច្រើនបានរិះគន់ចំពោះចំណាត់ការបង្ក្រាបបទល្មើសនៅក្នុងក្លិបខារ៉ាអូខេ «ហាយក្លាស» រហូតមានការសង្ស័យថា «សមត្ថកិច្ចអាចទទួលបានផលប្រយោជន៍ក្រាសក្រែល ជាមួយនឹងកិច្ចប្រតិបត្តិការនេះ ដូច្នេះហើយទើបគេព្យាយាមបិទព័ត៌មាននេះពីអ្នកកាសែត។ ជាពិសេសការរិះរកវិធីសាស្ត្រ ដើម្បីសុំគោលការណ៍លោកព្រះរាជអាជ្ញា ដើម្បីដោះលែងមនុស្សមួយចំនួនឲ្យរួចពីសំណាញ់ច្បាប់ ក្រោយពីឃាត់ខ្លួនយកទៅសួរនាំ ដែលនេះជាទម្លាប់របស់មន្ត្រីជំនាញ»។
សូមបញ្ជាក់ថា កន្លងមក ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀ.ន នៃស្នងការខេត្ត បានផ្ដល់ព័ត៌មានយ៉ាងទូលំទូលាយដល់អ្នកសារព័ត៌មាននៅក្នុងខេត្ត តាមរយៈគ្រុប «តេឡេក្រាម»។ ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ ស្រាប់តែសុខៗ លោក សុខ និមល ប្រធានការិយាល័យនេះ បានបិទទាំងស្រុងមិនផ្ដល់ព័ត៌មាន បទល្មើសគ្រឿងញៀ.ននេះទៅកាន់អ្នកសារព័ត៌មានទៀតឡើយ ក្រោមហេតុផលដូចលោកបានអះអាងខាងលើថា «ជាផែនការរបស់តំណាងអយ្យការ»។ ប៉ុន្តែលោកបានបង្ហើបដែរថា អ្នកសារព័ត៌មានអាចស្រង់ព័ត៌មានយកទៅផ្សាយបន្តបាន ដោយស្រង់ចេញពីផេករបស់ស្នងការខេត្ត ដែលបានបង្ហោះជាសាធារណៈរួចហើយ។


ដោយឡែក អ្នកសារព័ត៌មានមួយចំនួនវិញ ហាក់មិនហ៊ាន ឬចង់ស្រង់ព័ត៌មានដែលបង្ហោះតាមរយៈផេកស្នងការនេះយកមកចុះផ្សាយបន្តទេ ដោយសារតែអត្ថបទខ្លះ ដែលបង្ហោះនៅក្នុងផេកនគរបាលយុត្តិធម៌មួយនេះ ត្រូវគេដឹងថា «ផ្សាយខុសពីការពិត»។
បើតាមការកត់សម្គាល់ មួយរយៈពេលកន្លងមកនេះ សម្រាប់ស្នងការខេត្តបាត់ដំបង មិនមែនព្យាយាមបិទបាំងត្រឹមតែព័ត៌មានបទល្មើសគ្រឿងញៀ.នតែមួយប៉ុណ្ណោះទេ បទល្មើសដទៃទៀត ក៏ស្ថាប័នអនុវត្តច្បាប់មួយនេះប្រឹងប្រែងលាក់បាំងមហាជនឡើងស្ងាត់ជ្រៀបដែរ។ ដូចជា បទល្មើសចោរលួច ចោរឆក់ ចោរគាស់ផ្ទះ ចោរកាច់សោលួចម៉ូតូ ឬប្លន់ជាដើម ។ល។ សូម្បីករណីផ្ទុះអាវុធប៉ុន្មានករណីនៅក្នុងក្រុង ចុងក្រោយនេះដែលគេដឹងថា បង្កឡើងដោយមន្ត្រីនគរបាល។ ជាពិសេសមន្ត្រីចរាចរណ៍ខេត្តម្នាក់បាញ់ផ្អើលពេញស្ថានីយរថភ្លើងទាំងកណ្ដាលយប់នៅក្នុងក្រុងបាត់ដំបង ក៏មន្ត្រីជំនាញ និងលោកស្នងការខេត្ត មិនអើពើធ្វើមិនដឹងមិនឮដែរ គឺនាំគ្នាលាក់បាំងរហូត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram