កម្ពុជា បន្ដជួបហ្វីលីពីន ម៉ោង ៧យប់នេះ ខណៈ Honda រំពឹងមានអ្នកគាំទ្រច្រើនដូចថ្ងៃមុន


(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុម U23 ហ្វីលីពីន នាវេលាម៉ោង ៧យប់នេះនៅវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងប្រកួតទី២ ពានរង្វាន់ AFF U23 Championship 2022 ពូល A។
នេះគឺជាការប្រកួតដ៏សំខាន់របស់ក្រុមគោព្រៃជំទង់កម្ពុជា ខណៈអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda សង្ឃឹមថា នឹងមានអ្នកគាំទ្រច្រើនចូលរួមទស្សនា និងលើកទឹកចិត្តក្នុងការប្រកួតនេះ ដូចការប្រកួតដំបូងជាមួយប្រ៊ុយណេកាលពីដើមសប្ដាហ៍កន្លងទៅដែរ។
សម្រាប់ជំនួបជាមួយក្រុម U23 ហ្វីលីពីនយប់នេះ ប្រសិនបើកម្ពុជាដណ្ដើមបានជ័យជម្នះទៀត កម្ពុជានឹងមានភាគរយកាន់តែខ្ពស់ ក្នុងការឡើងទៅវគ្គបន្ដ នៃព្រឹត្តិការណ៍ប្រចាំតំបន់ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនេះ ដ្បិតបច្ចុប្បន្នកម្ពុជាកំពុងឈរកំពូលតារាង និងមាន ៣ពិន្ទុ ក្រោយលត់ប្រ៊ុយណេ ៦-០ កាលពីថ្ងៃបើឆាក។
លោក Ryu Hirose គ្រូបង្វឹកក្រុមគោព្រៃជំទង់កម្ពុជាបានលើកឡើងថា ក្នុងការប្រកួតជាមួយប្រ៊ុយណេ កូនក្រុមខ្លួនពិតជាធ្វើបានល្អ តែក៏មានរឿងជាច្រើនត្រូវធ្វើការកែតម្រូវបន្ថែមទៀតដែរ។ ដូច្នេះសម្រាប់ការប្រកួតបន្ទាប់នេះ លោករំពឹងថា កូនក្រុមរបស់ខ្លួននឹងធ្វើបានកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីឈានទៅវគ្គបន្ដ។
គួរដឹងថា ការប្រកួតដំបូងរបស់ហ្វីលីពីន បានស្មើទីម័រខាងកើត ២-២ មុនជួបកម្ពុជាយប់នេះ។ ប៉ុន្ដែមុនឈានដល់ការប្រកួតរវាងកម្ពុជា និងហ្វីលីពីន ថ្ងៃនេះក៏មានការប្រកួត ១គូទៀតក្នុងពូល A ដែរ រវាងក្រុមទីម័រខាងកើត និងប្រ៊ុយណេនាវេលាម៉ោង ៤ល្ងាច នៅវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោដូចគ្នា៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram