ជិះម៉ូតូ Zoomer-X ទៅបុ.កគូទកុងតឺន័រពេញទំហឹង បណ្ដាលឲ្យស្លា..ប់ ពេលដឹកទៅសង្គ្រោះបន្ទា.ន់នៅមន្ទីរពេទ្យ
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូមួយគ្រឿង ម៉ាកZoomer-X ក្នុងល្បឿនលឿនទៅបុកពីក្រោយរថយន្តសណ្ដោងកុងតឺន័រ ពេញទំហឹង បណ្ដាលឲ្យបែកទាំងមួកការពារសុវត្ថិភាព រងរបួសចំផ្ទៃមុខធ្ងន់ធ្ងរ ឈានដល់ការស្លាប់បាត់បង់ជីវិត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកេីតឡេីងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ជនរងគ្រោះមានឈ្មោះ ផានីផាន់ណា ភេទប្រុស អាយុ២៥ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន ស្នាក់បន្ទប់នៅគីឡូម៉ែត្រលេខ១០ ខណ្ឌឬស្សីកែវ មានស្រុកកំណេីតនៅស្រុកស្អាង ខេត្តកណ្ដាល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាក Honda Zoomer-X ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1DO-3532 បានធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកពីក្រោយរថយន្តសណ្ដោងកុងតឺន័រ ម៉ាក Hyandai ក្បាលពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3B-0267 និងកន្ទុយកុងតឺន័រ ពាក់ស្លាកលេខកំពង់ចាម 4A-1400 ដែលកំពុងបើកអែបចិញ្ចើមផ្លូវ បោកផ្ទប់នឹងកន្ទុយកុងតឺន័រពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះត្រូវរបួសចំផ្ទៃមុខធ្ងន់ធ្ងរ បែកទាំងមួកការពារសុវត្ថិភាពខ្ទេច ភ្លាមៗត្រូវបានមិត្តភ័ក្តដែលជិះមកតាមក្រោយដែរ ជួយលេីកសង្គ្រោះបឋម និងទំនាក់ទំនងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះបញ្ជូនទៅសង្គ្រោះជីវិត នៅឯមន្ទីរសម្រាកព្យាបាល និងសម្ភព”មហាព្រហ្ម”ដែរ តែជាអកុសលគាត់បានដាច់ខ្យល់ស្លាប់នៅឯមន្ទីរពេទ្យទៅហេីយ។ ចំណែកតៃកុងរថយន្ត ឃេីញសភាពមិនស្រួល បានចុះពីរថយន្តគេចខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អើលឡេីងដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកកន្លែងកេីតហេតុ។
បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញ សហការជាមួយផ្នែកវាស់វែងចរាចរណ៍ខណ្ឌសែនសុខ បានចុះមកធ្វេីការពិនិត្យមេីលនៅកន្លែងកេីតហេតុ និងទាក់ទងប្រគល់ឲ្យជំនាញ ចុះមកវាស់វែង និងយកម៉ូតូរួមទាំងរថយន្ត ទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុ ទាក់ទងរកសាច់ញាតិ មមកទទួលយកទៅធ្វេីបុណ្យនៅស្រុកកំណេីតតាមប្រពៃណី៕





