ក្នុងជាប់ឃុំម្នាក់ដែលត្រូវចាប់ខ្លួន រឿងកាប់រានដីព្រៃក្នុងដែនជម្រកបរិស្ថាននៅខេត្តរតនគិរី បានស្លាប់ពេលបញ្ជូនចេញពីពន្ធនាគារ ទៅកាន់មន្ទីរពេទ្យ…

(រតនគិរី)៖ អ្នកជាប់ឃុំម្នាក់ដែលត្រូវចាប់ខ្លួន រឿងកាប់រានដីព្រៃក្នុងដែនជម្រកបរិស្ថាននៅខេត្តរតនគិរី បានស្លាប់ពេលបញ្ជូនចេញពីពន្ធនាគារទៅកាន់មន្ទីរពេទ្យ ដោយមិនទាន់មានការបញ្ជាក់ ពីមូលហេតុនោះទេ។

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះថា កាលពីម្សិលមិញ លោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានដឹកនាំមន្ត្រីពន្ធនាគារ មន្ត្រីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ត្រីនគរបាលបច្ចេកទេស នៃស្នងការនគរបាលខេត្ត ធ្វើកោសល្យវិច្ច័យលើសពស្ត្រីជាប់ចោទ ដែលបានស្លាប់ពេលបញ្ជូន មកដល់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី តែមិនទាន់បានបញ្ជាក់ពីមូលហេតុនោះទេ។

មន្ត្រីពន្ធនាគារប្រាប់ភ្នាក់ងារ ថា ស្ត្រីមានឈ្មោះ បិន ឈាង អាយុ៥៥ឆ្នាំ រស់នៅភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។ គាត់មានជំងឺប្រចាំកាយដូចជា ទឹកនោមផ្អែម និងលើសឈាមជាដើម។

រីឯលោកវេជ្ជបណ្ឌិត ហ៊ីង ផានសគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានប្រាប់ឲ្យដឹងថា «ស្ត្រីអ្នកជំងឺខាងលើបានស្លាប់ខណៈបញ្ជូនមកដល់មន្ទីរពេទ្យ ពោលគ្រូពេទ្យលោកមិនបានធ្វើការត្រួតពិនិត្យអ្នកជំងឺនោះទេ»។

ក្រោយពីក្រុមការងារធ្វើកោសល្យវិច្ច័យលើសពរួច ក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថា ជនត្រូវចោទដែលត្រូវបានចាប់ខ្លួនរឿងរុករានដីព្រៃបរិស្ថានមានចំនួន២នាក់រួមមាន៖

*ទី១៖ ឈ្មោះ អ៊ំ ធា ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់
*ទី២៖ ឈ្មោះ បិន ឈាង ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិកាឡែង ឃុំសេដា ស្រុកលំផាត់ (ស្លាប់)។

ពួកគេទាំង២នាក់ ត្រូវបានចាប់ខ្លួនដោយមន្ត្រីបរិស្ថានខេត្តរតនគិរីពី «បទកាប់រានដីព្រៃក្នុងដែនជម្រកបរិស្ថាន»។

ក្រោយការចាប់ខ្លួន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ប្រជាពលរដ្ឋប្រមាណ ៧០នាក់ មកពីស្រុកលំផាត់ បានលើកគ្នាមកមន្ទីរបរិស្ថាន ដើម្បីឲ្យមានការដោះលែងពួកគេទាំង២នាក់ តែក្រោមការសម្របសម្រួល ពីលោក លន់ សុភាព អភិបាលរងខេត្តរតនគិរី តែមិនបានទទួលលទ្ធផលអ្វីនោះទេ។

លុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ពួកគាត់ជាច្រើនរយនាក់ បានលើកគ្នាមកមុខសាលាខេត្តម្តងទៀត ដើម្បីឲ្យអាជ្ញាធរជួយអន្តរាគមន៍ទៅមន្ទីរបរិស្ថាន (ដើមបណ្តឹង) ដោះលែងពួកគាត់ទាំង២នាក់ ឲ្យមានសេរីភាពប៉ុន្តែនៅតែមិនទទួលលទ្ធផលទៀត។

បន្តបន្ទាប់មកទៀតពួកគាត់ បានសុំអន្តរាគមន៍ពីលោក ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី ដើម្បីមានសេរីភាពជួបជុំក្រុមគ្រួសារវិញ តែលទ្ធផលនៅជាប់ឃុំពន្ធនាគារភ្នំស្វាយដដែល រហូតដល់ថ្ងៃទី២០ ខែឧសភា ស្ត្រី បិន ឈាង បានស្លាប់គួរឲ្យអាណិតអាសូរតែម្តង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram