ផ្លូវឡើងភ្នំគីរីរម្យ ត្រូវបានជួសជុលពង្រីកបន្ថែម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ
(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋ ដែលប្រកបរបរលក់ដូរអមសងខាងផ្លូវឡើងភ្នំគីរីរម្យ និងអ្នកដំណើរជាច្រើន បានសម្តែងនូវភាពរីករាយជាខ្លាំង ក្រោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពងស្ពឺ ធ្វើការជួសជុល និងពង្រីកផ្លូវឡើងភ្នំគីរីរម្យ ដែលជាតំបន់ទេសចរណ៍សំខាន់មួយ ធំជាងមុន និងងាយស្រួលធ្វើដំណើរ។

ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ លោក ស៊ូ សុន្ធរ៉ា បានលើកឡើងថា ដោយបានការអនុញ្ញាតពីក្រសួងសាធារណការ និងមានចង្អុរបង្ហាញពី លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មន្ទីរសាធារណការ បានចាត់តាំងក្រុមការងារបច្ចេកទេសត្រួតពិនិត្យជួសជុល កែលម្អ និងពង្រីកផ្លូវមួយខ្សែជាប្រភេទផ្លូវឡើងតំបន់ទេសចរភ្នំគីរីរម្យ ដែលកន្លងមកមានការលំបាកធ្វើដំណើរជាខ្លាំង។

លោកបានបន្តថា ការពង្រីកផ្លូវឡើងភ្នំគីរីរម្យនេះ ប្រមាណជាង៥០០០ម៉ែត្រការ៉េ ដោយក្រាលដោយថ្មម៉ិច ស្រោចកៅស៊ូ ជាផ្លូវបម្រើដល់វិស័យទេសចរដ៏មានសក្តានុពលសម្រាប់ខេត្តកំពង់ស្ពឺ ។
សម្រាប់ឆ្នាំ២០២១នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានធ្វើការការងារជួសជុលផ្លូវជាច្រើននៅក្នុងមូលដ្ឋាន ក្នុងនោះមានដូចជា៖

១៖ ផ្លូវជាតិ៤៤ DBST សម្រេច ១០០%
២៖ ផ្លូវជាតិ៤៦ DBST សម្រេច ១០០%
៣៖ ផ្លូវខេត្ត១៤៣ DBST សម្រេច ១០០%
៤៖ ផ្លូវខេត្ត ១៤៤០ DBST សម្រេច ១០០%
៥៖ ស្ពានបេតុង អំពែរភ្នំ សម្រេច ៧៥% គ្រោងឱ្យរួចនៅចុងខែកុម្ភ:។ ចំពោះការងារថែទាំប្រចាំឆ្នាំ២០២២ ក្រោយផ្លូវជាតិលេខ៤ និង៤១ បានប្រគល់ជូនក្រសួងវិញដើម្បីក្រុមហ៊ុនជួសជុលស្តារឡើងវិញ មន្ទីរទទួលថែទាំផ្លូវកៅស៊ូ ផ្លូវដីល្បាយ ចំនួន៣០ខ្សែ ទូទាំងខេត្ត នៅឆ្នាំ២០២២នេះ និងថែមថ្មីចំនួន៥ខ្សែទៀត ហើយការងារថែទាំ និងជួសជុលសម្រាប់ឆ្នាំ២០២២ មាន៖

១៖ ផ្លូវលេខ១៤៣ (មុខសាលាស្រុក) ដីល្បាយភ្នំ គម្រោងចុងឆ្នាំ២០២១ ។
២៖ ផ្លូវខេត្ត១៤៣ DBST បន្តពីមុខវត្តម្រុំ ។
៣៖ ផ្លូវខេត្ត១៤៤០ DBST ក្រាំងចេក
៤៖ ផ្លូវខេត្ត១៤៤០ ជួសជុលគ្រឹះ ស្រោចកៅស៊ូ២ស្រទាប់ Reseal ចន្លោះពីច្បារមន ទៅក្រាំងចេក ។
៥៖ ផ្លូវជាតិ៤៤ ជួសជុលគ្រឹះស្រោចកៅស៊ូ២ស្រទាប់ Reseal ។
លោកប្រធានមន្ទីរ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ និងក្រុមហ៊ុនដឹកជញ្ជូន មេត្តាប្រើប្រាស់ផ្លូវដោយគោរពច្បាប់ កុំដឹកលើសទម្ងន់ កុំចាក់ដីលុបដីចំណីផ្លូវយកធ្វើជាកម្មសិទ្ធិ ជាពិសេសនាំគ្នាដាក់លូបង្ហូរទឹក ហើយបើកបរដោយការគោរពច្បាប់ជាចម្បង ៕





