ហ្វីលីពីននិង អាមេរិក ចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នារយៈពេល ២សប្តាហ៍…

ម៉ានីល៖ យោធាហ្វីលីពីន និងអាមេរិក បានចាប់ផ្ដើម ធ្វើសមយុទ្ធយោធារួមគ្នារយៈពេល ២សប្តាហ៍ នៅថ្ងៃចន្ទ ទី១២ មេសានេះ បន្ទាប់ពីបានលុបចោលព្រឹត្តិការណ៍ហ្វឹកហ្វាត់ប្រចាំឆ្នាំរួមគ្នានេះកាលពីឆ្នាំមុន ដោយសារការឆ្លងរីករាលដាល នៃជំងឺ COVID-19។ការប្រកាសនេះធ្វើឡើង បន្ទាប់ពីលេខាធិការការពារជាតិ នៃប្រទេសទាំងពីរបានធ្វើកិច្ចសន្ទនាតាមទូរសព្ទ ដើម្បីពិភាក្សាអំពីសមយុទ្ធនេះ និងស្ថានការណ៍នៅសមុទ្រចិនខាងត្បូង ព្រមទាំងការវិវឌ្ឍន៍សន្តិសុខក្នុងតំបន់នាពេលថ្មីៗនេះ។ សមយុទ្ធយោធានេះមានឈ្មោះថា Balikatan ដែលធ្វើឡើងដើម្បីតេស្តសាកល្បងការត្រៀមខ្លួនរបស់កងទ័ព ដើម្បីឆ្លើយតបនឹងការគំរាមកំហែងនានា ដូចជាគ្រោះមហន្តរាយធម្មជាតិ និងការវាយប្រហារដោយក្រុមជ្រុលនិយមជាដើមនោះ នឹងត្រូវបានកាត់បន្ថយ។


ឧត្តមសេនីយ៍ឯកលោក Cirilito Sobejana បាននិយាយថា មានតែទាហានចំនួន ១,៧០០ នាក់ប៉ុណ្ណោះដែលនឹងចូលរួម ដោយមកពីភាគីសហរដ្ឋអាមេរិកចំនួន ៧០០នាក់ និងហ្វីលីពីន ១០០០ នាក់ គឺមិនដូចសមយុទ្ធមុនដែលមានកងទ័ពចូលរួមរហូតដល់ ៧៦០០នាក់។


គួរបញ្ជាក់ថា ទំនាក់ទំនងរវាងក្រុងវ៉ាស៊ីនតោន និងអតីតអាណានិគមរបស់ខ្លួន មានភាពស្មុគស្មាញចាប់ តាំងពីឆ្នាំ២០១៦ នៅពេលដែលប្រធានាធិបតីហ្វីលីពីនលោក Duterte បានរិះគន់គោលនយោបាយការបរទេសអាមេរិក ខណៈដែលមិត្តភាពជាមួយប្រទេសចិនមានភាពល្អប្រសើរឡើង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram