ទុក្ខជាន់លើទុក្ខមែន ស្ត្រីចំណាស់ម្នាក់បានរៀបចំអុជធូបសែនថ្ងៃសីលរួចរាល់ ក៏បានយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត ស្រាប់តែផ្ទះរបស់គាត់ត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុងតែម្ដង
រាជធានីភ្នំពេញ ៖ ពិតជាទុក្ខជាន់លើទុក្ខមែន ស្ត្រីចំណាស់ម្នាក់បានរៀបចំអុជធូបសែនថ្ងៃសីលរួចរាល់ ក៏បានយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត ដើម្បីឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណខ័ន្ធស្វាមីរបស់គាត់ដែលទើបនឹងទទួលមរណភាពកាលពី១ខែមុននេះ។ លុះក្រោយមក ស្រាប់តែផ្ទះរបស់គាត់ត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុងតែម្ដង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមអ្នកភូមិបាននិយាយថា ស្ត្រីជាម្ចាស់ផ្ទះខាងលើមានឈ្មោះ ម៉េត ផល្លា អាយុ៦១ឆ្នាំ មុខរបរកសិករ ចំណែកផ្ទះដែលត្រូវភ្លើងឆាបឆេះអស់នេះ គឺសង់ពីឈើខាងលើថ្មក្រោម ប្រក់ស័ង្កសី ដែលមានទំហំទទឹង៦ម៉ែត្រ និងបណ្ដោយ៨ម៉ែត្រ ។ នៅក្នុងហេតុការណ៍ខាងលើ នោះ ស្ត្រីជាម្ចាស់ផ្ទះពុំបានរងរបួសនោះទេ ប៉ុន្តែផ្ទះរួមទាំងទ្រព្យសម្បត្តិនៅក្នុងផ្ទះត្រូវបានភ្លើងឆេះអស់ទាំងស្រុងតែម្ដង។ ហើយខណៈនោះអណ្តាតភ្លើងកំពុងតែឆាបឆេះនោះ ពួកគាត់ដែលជាអ្នកជិតខាងក៏បាននាំគ្នាជួយពន្លត់ដែរ ប៉ុន្តែពុំអាចជួយបានទេ ព្រោះភ្លើងឆាបឆេះលឿនខ្លាំងពេក។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ គឺស្ត្រីជាម្ចាស់ផ្ទះបានរៀបចំដុតធូបសែនថ្ងៃសីលនៅលើផ្ទះរួចរាល់ ទើបរៀបចំចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត ដើម្បីឧទ្ទិសកុសលផលបុណ្យជូនព្រលឹងវិញ្ញាណក្ខន្ធប្ដីរបស់គាត់ដែលទើបនឹងស្លា.ប់កាលពី១ខែមុន ។ លុះក្រោយមក ក៏ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅតែម្ដង ដែលដំបូងគេសង្ស័យថា បណ្ដាលមកពីកម្ទេចភ្លើងធូបដែលគាត់ដុតសែននោះ។

ប្រភពដដែលបន្តទៀតថា ប៉ុន្តែក្រោយមក នគរបាលបានធ្វើការស្រាវជ្រាវ ទើបរកឃើញថា ការឆាបឆេះខាងលើនោះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ពុំមែនបណ្ដាលមកពីភ្លើងធូបឡើយ ហើយពិតជាគួរឲ្យអាណិតគាត់ខ្លាំងណាស់ ដែលគាត់ត្រូវជួបទុក្ខជាន់លើទុក្ខបែបនេះ ។

ចំណែកនគរបាលបានប្រាប់ដែរថា ផ្ទះខាងលើ គឺជាផ្ទះឈើ ដូច្នេះឆេះលឿនណាស់ ហើយភ្លាមៗនោះ អាជ្ញាធរក៏បានហៅរថយន្តពន្លត់អគ្គិភ័យឲ្យចេញអន្តរាគមន៍ភ្លាមៗដែរ ប៉ុន្តែដោយសារនៅឆ្ងាយ ទំរាំទៅដល់នោះ គឺភ្លើងបានឆេះខ្ទេចអស់បាត់ទៅហើយ។ ទោះបីជាបែបណា ក្រុមពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តពន្លត់ធ្វើការបាញ់ពន្លត់ និងទប់ស្កាត់មិនឲ្យឆេះរាលដាលដល់ផ្ទះអ្នកផ្សេងទៀតឡើយ៕










