រោងចក្រផលិតរថយន្តអគ្គិសនីដ៏ធំរបស់ Tesla នៅក្នុងរដ្ឋតិចសាស់អាចនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ ដោយចំណាយប្រាក់ជាង ១ពាន់លានដុល្លារ

(អាមេរិក)៖ ក្រុមហ៊ុន Tesla ត្រូវបានគេរាយការណ៍មកថា ប្រហែលជាត្រូវចំណាយប្រាក់ជាង ១ពាន់លានដុល្លារ លើការសាងសង់រោងចក្រផលិតរថយន្តថ្មីមួយនៅក្នុងតំបន់ Austin រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ខណៈដែល ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នឹងត្រូវបញ្ចប់ការសាងសង់នៅត្រឹមថ្ងៃទី៣១ ខែធ្នូខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។


នាយកដ្ឋានបទប្បញ្ញត្តិនៃរដ្ឋតិចសាស់ បានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិកមួយនេះ គ្រោងនឹងចំណាយយ៉ាងហោចណាស់ ១,០៦ពាន់លានដុល្លារអាមេរិក ក្នុងការសាងសង់រោងចក្រថ្មី ដែលត្រូវបានក្រុមហ៊ុនដាក់ឈ្មោះឱ្យថា «Gigafactory» ដែលវានឹងដើរតួនាទីក្នុងការផលិតរថយន្តអគ្គិសនីប្រភេទ Pickup, Cybertruck ព្រមទាំង Model 3 និង Model Y ផងដែរ។


រោងចក្រថ្មីនេះក៏ជានិមិត្តសញ្ញាដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Tesla បន្ទាប់ពីបានប្រកាសពីគម្រោងផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ខ្លួនពីរដ្ឋកាលីហ្វ័រញ៉ាទៅរដ្ឋតិចសាស់កាលពីខែតុលា។
គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់រោងចក្រថ្មីនេះត្រូវបានក្រុមហ៊ុន Tesla ប្រកាសបង្ហាញឱ្យដឹងកាលពីចុងឆ្នាំ២០២០ ហើយក៏ចាប់ផ្ដើម សាងសង់នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ ផងដែរ ដោយវាត្រូវបានលោក Elon Musk នាយកប្រតិបត្តិ អះអាងថានឹងក្លាយជា រោងចក្រ ដ៏អស្ចារ្យសម្រាប់ Tesla ព្រោះថាវាទីកន្លែងផលិត ដំឡើង និងផ្គុំរថយន្តអគ្គិសនីតែម្ដង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram