នាយការិយាល័យចរាចរណ៍ខេត្តកំពង់ធំ ស្ររឹង ជោកជាំ បើករថយន្ត ទៅបុករនាំងបរិវេណ រូបសំណាក លោកតា អាចារ្យលាក់រួចស្រែក ជេរ និងប្រមាថអភិបាលខេត្ត…..


ខេត្តកំពង់ធំ៖ លោកវរសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យ នគរបាលចរាចរផ្លូវគោក ដែលក្រសួងមហាផ្ទៃ បានធ្វើការព្រមានលើកទី១ កាលពីពេលថ្មីៗនេះ ឥឡូវបានបើករថយន្ត ទាំងស្ថានភាពស្រវឹង ទៅបុករនាំងបរិវេណ រូបសំណាកលោកតាអាចារ្យលាក់ រួចបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង១២នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ឃុំអាចារ្យលាក់ ក្រុងស្ទឹងសែន ។


រថយន្តបង្កម៉ាក ឡិចស៊ិស៣៣០ ពណ៌ទឹកមាស ពាក់ស្លាកលេខកំពង់ធំ 2C-1666 បើកបរដោយឈ្មោះ រុំ សុវិជ្ជា នាយការិយាល័យនគរបាលចរាចរផ្លូវគោក ខេត្តកំពង់ធំ ។


ប្រភពបានឱ្យដឹងថា បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរនេះហើយ លោក រុំ សុវិជ្ជា បានស្រែកជេរ និងប្រមាថ យ៉ាងធ្ងន់ៗ ទៅលើអភិបាលខេត្តកំពង់ធំ លោក សុខ លូ ថា នៅទីតាំងកើតហេតុ មិនមានដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាត ទើបឱ្យគាត់ជួបគ្រោះថ្នាក់បែបនេះ ប៉ុន្តែតាមការពិតនៅទីតាំងកើតហេតុ មានភ្លើងបំភ្លឺគ្រប់គ្រាន់ និងមានចំណាំងផ្លាតត្រឹមត្រូវ ។


យោងតាមរបាយការណ៍ របស់សមត្ថកិច្ចខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីបង្កហេតុ និងស្រែកឡូឡា បានមួយសន្ទុះ មានបក្ខពួកដែលគេដឹងថា ជានគរបាលដូចគ្នា បាននាំគ្នារំដោះយករថយន្ត បង្កហេតុ ទៅទុកនៅយានដ្ឋាន មួយកន្លែងទាំងយប់ ដើម្បីបិទបាំងករណីនេះ ។


សូមរំលឹកថា វរសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យ នគរបាលចរាចរផ្លូវគោក ត្រូវបានក្រសួងមហាផ្ទៃ ចេញប្រកាសព្រមានលើកទី១ ដោយហេតុ ធ្វេសប្រហែស ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ក្នុងនោះក៏មានមន្រ្តី នគរបាលជាន់ខ្ពស់ ថ្នាក់ខេត្ត៤នាក់ផ្សេងទៀត ក៏រងការព្រមានផងដែរ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram