ខ្សែបម្រើស្លាប Ziyech មិនស្ថិតក្នុងក្រុមជម្រើសជាតិម៉ារ៉ុក សម្រាប់ការប្រកួតពានរង្វាន់ Cup of Nations នោះទេ
(រ៉ាបាត)៖ កីឡាករ Hakim Ziyech ត្រូវបានអវត្តមានគួរឲ្យកត់សម្គាល់ ខណៈគ្រូបង្វឹកក្រុមជម្រើសជាតិម៉ារ៉ុក លោក Vahid Halilhodzic នៅថ្ងៃព្រហស្បតិ៍ បានធ្វើការកោះហៅកូនក្រុមរបស់លោក សម្រាប់ការប្រកួតជុំផ្តាច់ព្រ័ត្រពានរង្វាន់ Africa Cup of Nations នៅខែក្រោយ ដែលនឹងធ្វើឡើងនៅប្រទេសកាមេរូន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

ខ្សែបម្រើស្លាបរបស់ក្លិបតោខៀវ Chelsea បានធ្លាក់ទម្រង់លេង ហើយត្រូវបានគេមើលរំលងសម្រាប់ការប្រកួតជម្រុះ World Cup ចំនួន ៦ប្រកួត នៅចន្លោះខែកញ្ញា និងខែវិច្ឆិកា ដែលធ្វើឲ្យការអវត្តមានរបស់លោក មិនមានការភ្ញាក់ផ្អើលនោះទេ បើទោះបីជាកីឡាករកើតនៅហូឡង់រូបនេះ ត្រូវបានគេមើលឃើញថា ជាកីឡាករសំខាន់របស់ក្រុមជម្រើសជាតិម៉ារ៉ុកក៏ដោយ។
ម៉ារ៉ុក ដែលនឹងត្រូវប្រកួតក្នុងពូល C ប៉ះក្រុមកោះកូម៉ូរ៉ូ, ហ្គាប៉ុង និងហ្គាណា នៅជុំផ្តាច់ព្រ័ត្រដែលនឹងចាប់ផ្តើមនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ ខាងមុខ៕



