រថយន្ដដឹកទំនិញធុនធំមួយគ្រឿង បើកចុះស្ពានព្រះមុនីវង្សចាស់ ដាច់ហ្វ្រាំងបុករះរថយន្ដ និងម៉ូតូជាច្រើនគ្រឿង បណ្ដាលឲ្យមនុស្ស១០នាក់រងរបួសធ្ងន់ស្រាល
(ភ្នំពេញ)៖ រថយន្តដឹកទំនិញធុងធំមួយគ្រឿង បើកចុះពីលើស្ពានព្រះមុន្នីវង្សចាស់ ស្រាប់តែដាច់ហ្វ្រាំងជ្រុលទៅបុករថយន្ត និងម៉ូតូជាច្រើនគ្រឿង បណ្តាលឲ្យប្រមាណ១០នាក់ រងរបួសធ្ងន់ស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចខាងក្រោមស្ពានអាកាសក្បាលថ្នល់ មុខការ៉ាស់សាំងភីធីធី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

អ្នកឃើញហេតុការណ៍ បានប្រាប់ភ្នាក់ងារ CPNS News ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបង្កបើកបរក្នុងទិសដីពីកើតមកលិច ដោយបើកចុះពីលើស្ពានព្រះមុនីវង្សចាស់ ខណៈពេលចុះមកដល់ក្រោមស្ពាន ស្រាប់តែរថយន្តដឹកទំនិញធុងធំ បានដាច់ហ្វ្រាំងក៏ជ្រុលទៅបុកជាមួយរថយន្ត និងម៉ូតូជាច្រើនគ្រឿងតែម្ដង។ ក្នុងនោះ បានបង្កឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ (ចិន២នាក់) ក្រៅពីនេះរបួសស្រាល។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កបានបើកទ្វាររថយន្ត ក្នុងគោលបំណងរត់គេចខ្លួនចេញពីកន្លែងកើតហេតុ តែភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានដេញតាមឃាត់ខ្លួនជនបង្កបាន នឹងប្រគល់ជូនកម្លាំងសមត្ថកិច្ច ខណ្ឌចំការមនតែម្តង។ ខណៈជនរងគ្រោះ ក៏ត្រូវបានកម្លាំងជំនាញចរាចរណ៍ដែលឈរប្រចាំការនៅគោលដៅនោះ ហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកយកជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗ។

បច្ចុប្បន្នទាំងរថយន្ដបង្ក និងម្ចាស់ ព្រមទាំងមធ្យោបាយរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕













