ជប៉ុនគ្រោងនឹងចំណាយទឹកប្រាក់រហូតដល់ ៤៨៨ពាន់លានដុល្លារអាមេរិក សម្រាប់កញ្ចប់ជំរុញសេដ្ឋកិច្ចជាតិ


(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រទេសជប៉ុនគ្រោងនឹងចំណាយទឹកប្រាក់រហូតដល់ ៤៨៨ពាន់លានដុល្លាអាមេរិកលើកញ្ចប់ជំរុញសេដ្ឋកិច្ច ដែលត្រូវបានរៀបចំឡើងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយផលប៉ះពាល់នៃជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។
កញ្ចប់ថវិកាជំរុញនេះច្រើនហួសការរំពឹងទុក ដោយសារតែរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថ្មីលោក Fumio Kishida គ្រោងនឹងបង្កើនការគាំទ្រសម្រាប់គ្រួសារ និងក្រុមហ៊ុន។
វិធានការសំខាន់ៗរួមមានដូចជាការផ្តល់ជូន ១០០,០០០យ៉េន ៨៧៥ ដុល្លារអាមេរិក)ជាសាច់ប្រាក់ និងប័ណ្ណទូទាត់សម្រាប់កុមារដែលមានអាយុចាប់ពី១៨ឆ្នាំ ឬក្មេងជាងនេះ ការដំឡើងប្រាក់ឈ្នួលសម្រាប់គិលានុបដ្ឋាយិកា និងបុគ្គលិកថែទាំ និងជំនួយហិរញ្ញវត្ថុរហូតដល់២.៥លានយ៉េន (២១,៩០០ដុល្លារអាមេរិក)សម្រាប់ក្រុមហ៊ុនតូចៗដែលទទួលរងពីជំងឺរាតត្បាត។
រដ្ឋាភិបាលជប៉ុនសង្ឃឹមថា នឹងអាចអនុម័តថវិកាបន្ថែមមួយនៅក្នុងសម័យប្រជុំ ពិសេសនៃសភា ដែលនឹងធ្វើនៅមុនដំណាច់ឆ្នាំនេះ ដើម្បីផ្តល់ថវិកាដល់ផែនការថវិកា ដែលត្រូវ បានគេរំពឹងថា នឹងមានចំនួន៣១,៩ពាន់ ពាន់លានយ៉េន (២៧៩ពាន់លានដុល្លារ)៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram