គ្រួសារដែលរស់នៅក្នុងភូមិចំនួន០៣ ក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ត្រូវបានអាជ្ញាធរចុះអន្តរាគមន៍ជួយដឹកជម្លៀសចេញពីផ្ទះសម្បែងទៅកាន់ទីទូលមានសុវត្ថិភាពទាំងកណ្ដាលយប់ ដោយសារតែពួកគាត់កំពុងប្រឈមនឹងការលិចលង់កាន់តែខ្លាំងទៅនឹងជំនន់ទឹកភ្លៀង
ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋជិត១០០គ្រួសារដែលរស់នៅក្នុងភូមិចំនួន០៣ ក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ត្រូវបានអាជ្ញាធរចុះអន្តរាគមន៍ជួយដឹកជម្លៀសចេញពីផ្ទះសម្បែងទៅកាន់ទីទូលមានសុវត្ថិភាពទាំងកណ្ដាលយប់ ដោយសារតែពួកគាត់កំពុងប្រឈមនឹងការលិចលង់កាន់តែខ្លាំងទៅនឹងជំនន់ទឹកភ្លៀង។ មន្ត្រីរដ្ឋបាលស្រុករុក្ខគិរី បានឲ្យដឹងថា ជំនន់ទឹកភ្លៀងបានហក់ឡើងយ៉ាងខ្លាំងនាប៉ុន្មានថ្ងៃនេះ ធ្វើឲ្យលិចលង់លំនៅឋានរបស់ប្រជាពលរដ្ឋជាច្រើនខ្នងយ៉ាងធ្ងន់ធ្ងរ។
ដោយសារតែជំនន់ទឹកភ្លៀងគ្មានសញ្ញាថមថយ ធ្វើឲ្យលំនៅឋានប្រជាពលរដ្ឋរាប់សិបខ្នងប្រឈមកាន់តែខ្លាំង ទើបនៅវេលាម៉ោងប្រហែល១០យប់ថ្ងៃទី ១៤ វិច្ឆិកា លោកអភិបាលស្រុករុក្ខគិរី ដឹកនាំកម្លាំងចុះអន្តរាគមន៍ជួយជម្លៀសប្រជាពលរដ្ឋនៅក្នុងភូមិចំនួន០៣ ដែលប្រឈមខ្លាំងចេញពីលំនៅឋាន ដើម្បីទៅរកទីទូលសុវត្ថិភាព ។ មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ភ្លៀងនៅតែបន្តធ្លាក់មិនឈប់ ធ្វើឲ្យជោរជន់យ៉ាងខ្លាំងចូលក្នុងអាងស្ដុកទឹកទំនប់បាសាក់ និងបានគំរាមកំហែងលំនៅឋានប្រជាពលរដ្ឋជាច្រើនខ្នង។
បើតាមរបាយការណ៍បឋមរបស់អាជ្ញាធរ ភូមិចំនួន០៣ ដែលជួបហានិភ័យខ្លាំង ហើយចាំបាច់អាជ្ញាធរត្រូវជួយអន្តរាគមន៍ជម្លៀសចេញទាំងយប់ គឺភូមិឈូក ភូមិច្រាំងខ្ពស់ និង ភូមិកំរ៉ែង ស្ថិតក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ដែលមានពលរដ្ឋជិត១០០គ្រួសារ ដែលត្រូវជន្លៀសចេញទៅរកទីទូលមានសុវត្ថិភាពទាំងកណ្ដាលយប់។ សូមបញ្ជាក់ថា ដំណឹងគ្រាហ៍អាសន្នស្ដីពីជំនន់ទឹកភ្លៀងនៅ«អាងស្ដុកទឹកទំនប់បាសាក់» នេះ ត្រូវបានអាជ្ញាធរស្រុករុក្ខគិរី ប្រកាសអាសន្នតាមបណ្ដាញសង្គមរបស់រដ្ឋបាលស្រុក តាំងពីព្រឹកថ្ងៃទី១៤ វិច្ឆិកា មកម្លេះ ដើម្បីឲ្យប្រជាពលរដ្ឋដែលរស់នៅតំបន់នានា ប៉ែកខាងក្រោមៗ នៃទំនប់ទឹកបាសាក់ នេះត្រៀមលក្ខណៈ បង្កាជាមុនក្រែងមានគ្រោះថ្នាក់ដោយយថាហេតុ។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុករុក្ខគិរីខាងលើនេះ មិនត្រឹមតែផ្ដល់ជាសញ្ញាអាសន្នដល់ប្រជាពលរដ្ឋក្នុងស្រុករបស់ខ្លួនប៉ុណ្ណោះទេ គឺបានព្រមានដល់ពលរដ្ឋដែលរស់នៅក្នុងស្រុកមោងប្ញស្សីទៀតផង។ ការជូនដំណឹងជាមុននេះ រដ្ឋបាលស្រុករុក្ខគិរីនេះ ដោយយោងលើស្ថានភាពធ្ងន់ធ្ងរ នៃជំនន់ទឹកភ្លៀង ដែលកំពុងហក់ឡើងយ៉ាងគំហុកនៅក្នុង«អាងស្ដុកទឹក ទំនប់បាសាក់» ដែលមានកម្ពស់រហូតដល់៦,២ម៉ គិតត្រឹមព្រឹកថ្ងៃទី ១៤ វិច្ឆិកា ដែលជាសញ្ញាប្រកាសអាសន្ន។
ទោះយ៉ាងណា បើតាមព័ត៏មានបឋម ដែលកោះសន្តិភាពទទូលបាននៅព្រឹកថ្ងៃទី ១៥ វិច្ឆកា កម្ពស់ទឹកនៅ«ទំនប់ទឹកបាសាក់» ខាងលើនេះ នៅតែបន្តហក់ឡើង ហើយលំនៅឋានប្រជាពលរដ្ឋនៅតំបន់ខ្លះ បានលិចពាក់កណ្ដាល និង កន្លែងខ្លះទៀត លិចដល់ដំបូលតែម្ដង តែមិនទាន់មានសេចក្ដីរាយការណ៏អំពីគ្រោះថ្នាក់ដល់មនុស្ស ឬ សត្វនៅឡើយទេ ខណៈពេលនេះអាជ្ញាធរ និង សមត្ថកិច្ចបាននិងកំពុងប្រឹងប្រែងចុះជួយជន្លៀសប្រជាពលរដ្ឋដែលប្រឈមនឹងហានិភ័យខ្លាំងនៅឡើយ៕








