គណបក្សប្រជាជនកម្ពុជា ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ លោកបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា

(ភ្នំពេញ)៖ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ លោកបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា។
តាមរយៈសាររំលែកទុក្ខនេះ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានលើកឡើងដូច្នេះថា៖ ( ក្នុងនាមគណបក្សប្រជាជនកម្ពុជាទាំងមូល គណៈអចិន្ដ្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមសម្ដែងនូវមហាទុក្ខក្រៀមក្រំប្រកបដោយក្ដីក្ដុកក្ដួលបំផុត ដែលឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញិល សមាជិកគណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១នៃរដ្ឋសភាជាតិ ទទួលមរណភាពនៅថ្ងៃសុក្រ ០១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០:៣៦ នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ )។


គណបក្សប្រជាជនកម្ពុជា មានការសោកស្ដាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះមរណភាពនេះ និងសូមចារឹកទុកនូវស្នាដៃ ឧត្តមគតិ គំរូវីរភាព និងគុណបំណាច់របស់ ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ងួន ញិល ជាកុលបុត្រដ៏ប្រពៃ ជាថ្នាក់ដឹកនាំដ៏ល្អ និងជាសកម្មភាពដ៏ឆ្នើមរបស់គណបក្សប្រជាជន ដែលធ្លាប់បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជាកន្លងមក។


សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ងួន ញិល សូមឆាប់បានយោនយកកំណើតកើត ក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតក្លាយ ជាបការៈដទៃឡើយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram