វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ត្រៀមខ្លូនរួចជាស្រេច ក្នុងការបង្រៀនតាមថ្នាក់ឡើងវិញ ដោយគោរពតាមវិធានសុខាភិបាល

(ភ្នំពេញ)៖ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសាកល្បងបើកដំណើរការបង្រៀន និងរៀនការអនុវត្តប្រតិបត្តិ និងការស្រាវជ្រាវ នៅក្នុងថ្នាក់ឡើងវិញ ដោយគោរពឲ្យខ្ជាប់ខ្ជួននូវវិធានសុខាភិបាល។
ក្នុងពិធីការពារសារណា កម្រិតថ្នាក់បរិញ្ញាបត្រជំនាន់ទី២ ឆ្នាំសិក្សា ២០២០-២០២១ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្ដ្រ អេស៊ីលីដា បានបញ្ជាក់ថា វិទ្យាស្ថាន បានត្រៀមខ្លួនរួចហើយ ក្នុងការបង្រៀនតាមថ្នាក់ឡើងវិញ ដោយគោរពតាមវិធានសុខាភិបាល។


បណ្ឌិត ផុន ណារិន បានឲ្យដឹងផងដែរថា ក្នុងពេលវិបត្ដិកូវីដ-១៩ ដែលតម្រូវឲ្យបង្រៀនតាមអនឡាញ សម្រាប់វិទ្យាស្ថាន មិនមានឧបសគ្គអ្វីជាធំដុំនោះទេ គ្រាន់តែវិទ្យាស្ថាន ធ្វើការថែមម៉ោងច្រើនជាងមុនប៉ុណ្ណោះ ដោយសារត្រូវការថតវីដេអូ ដើម្បីទុកឲ្យនិស្សិតអាចរៀនបានគ្រប់ពេល។


ក្នុងឱកាសនោះ បណ្ឌិត ផុន ណារិន ក៏បានបង្ហាញពីភាពរីករាយ និងមោទនភាព ចំពោះនិស្សិតនៃវិទ្យាស្ថាន ដែលបានយកចិត្តទុកដាក់រៀនសូត្រ ដោយអាចសិក្សា ស្រាវជ្រាវ ក្នុងការការពារសារណា កម្រិតថ្នាក់បរិញ្ញាបត្រជំនាន់ទី២ ឆ្នាំសិក្សា ២០២០-២០២១នេះ រហូតទទួលបានភាពជោគជ័យ។


នាយកវិទ្យាស្ថាន ពាណិជ្ជសាស្ដ្រ អេស៊ីលីដា បានគូសបញ្ជាក់ទៀតថា ក្រោយបញ្ចប់ការការពារសារណា កម្រិតថ្នាក់បរិញ្ញាបត្រជំនាន់ទី២នេះ លោករំពឹងថា និស្សិតនឹងអាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែង ក្នុងវិស័យការងារ។
បើតាមក្រុមនិស្សិត ដែលបានបញ្ចប់ការការពារសារណារបស់ខ្លួន បានឲ្យដឹងថា ការសិក្សាតាមអនឡាញ មានការលំបាកតិចតួច ដោយសារពួកគេអត់បានជួបគ្នាផ្ទាល់ និងបញ្ហាអ៊ិនធើណែត ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ ពួកគេអះអាងថា មិនបានក្លាយជាឧបសគ្គ ដល់ការបញ្ចប់ការសិក្សារបស់ខ្លួនឡើយ។


គូសបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាតឲ្យវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា សាកល្បងបើកដំណើរការបង្រៀន និងរៀនការអនុវត្តប្រតិបត្តិ និងការស្រាវជ្រាវ នៅក្នុងថ្នាក់ឡើងវិញ តាំងពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។
បច្ចុប្បន្ននេះ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា មានផ្តល់សេវាអប់រំបណ្តុះបណ្តាល ប្រកបដោយគុណភាពដូចខាងក្រោម៖ ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាមាន៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ៖ ហិរញ្ញវត្ថុ និងធនាគារ, ហិរញ្ញវត្ថុ, គ្រប់គ្រង។


ថ្នាក់បរិញ្ញាបត្រជំនាញ៖ គណនេយ្យ, ហិរញ្ញវត្ថុ និងធនាគារ, បច្ចេកវិទ្យាហិរញ្ញវត្ថុ, បច្ចេកវិទ្យាព័ត៌មានធុរកិច្ច, ពាណិជ្ជកម្មអន្ដរជាតិ, គ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង, គ្រប់គ្រងបណ្ដាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ, ភាសាអង់គ្លេសសម្រាប់បំណិនបកប្រែ, ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច, ការបង្រៀនភាសាអង់គ្លេស។
ថ្នាក់បរិញ្ញាបត្ររងជំនាញ៖ គណនេយ្យ, ហិរញ្ញវត្ថុ និងធនាគារ, គ្រប់គ្រងអាហរ័ណ-នីហរ័ណ, ធានារ៉ាប់រង, ចលនូបត្ថម្ភ និងភាសាអង់គ្លេស៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram